
អ្នកជំងឺនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បាននិយាយថា ពួកគេមានការព្រួយបារម្ភចំពោះការពន្យារពេលនៃការព្យាបាល បន្ទាប់ពីគ្រូពេទ្យជាសិក្ខាកាមរាប់ពាន់នាក់នៅមន្ទីរពេទ្យធំៗ បានលាលែងពីការងារ ដើម្បីប្រឆាំងទៅនឹងផែនការរបស់រដ្ឋាភិបាលក្នុងការទទួលយកនិស្សិតបន្ថែមទៀតចូលទៅក្នុងសាលាពេទ្យ។
នៅមន្ទីរពេទ្យ សេវឺរេន(Severance) ទីក្រុងសេអ៊ូល ឪពុករបស់អ្នកជំងឺអាយុប្រាំបួនឆ្នាំម្នាក់បាននិយាយថា ពួកគេត្រូវរង់ចាំយូរជាងធម្មតា ដើម្បីជួបជាមួយគ្រូពេទ្យ ហើយលោកព្រួយបារម្ភថា ការវះកាត់កូនស្រីរបស់លោកនឹងត្រូវពន្យារពេល។ អ្នកជំងឺម្នាក់ទៀត ដែលទៅកាន់មន្ទីរពេទ្យ ៤ ដងក្នុងមួយសប្តាហ៍ដើម្បីព្យាបាលជំងឺ បាននិយាយថា លោកគិតថាក្រុមគ្រូពេទ្យដែលកំពុងតវ៉ា បានប្រើអ្នកជំងឺជា លេស ហើយសង្ឃឹមថា ពួកគេនឹងត្រឡប់ទៅរកការងារវិញក្នុងពេលឆាប់ៗនេះ។
ក្រសួងសុខាភិបាលបាននិយាយថា វេជ្ជបណ្ឌិត និងគ្រូពេទ្យហាត់ការប្រមាណ ៦.៤០០នាក់ក្នុងចំណោម ១៣.០០០ នាក់ នៅមន្ទីរពេទ្យធំ ៗ បានប្រគល់លិខិតលាលែងពីការងារ ហើយ ១.៦៣០នាក់ក្នុងចំណោមពួកគេ បានចាកចេញនៅម៉ោង ១១ យប់ ម៉ោងក្នុងស្រុក។ ចំនួនប្រជាជន ៥២លាននាក់ ដែលឈានដល់វ័យចំណាស់យ៉ាងឆាប់រហ័សរបស់ប្រទេសកូរ៉េខាងត្បូង មានអត្រាវេជ្ជបណ្ឌិត ២,៦ នាក់ ក្នុង ចំណោមប្រជាជន១.០០០ នាក់ កាលពីឆ្នាំ ២០២២ ទាបជាងឆ្ងាយជាងកម្រិតមធ្យម ៣,៧នាក់ សម្រាប់ប្រទេសនានានៅក្នុងអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។
រដ្ឋាភិបាល មានផែនការជំរុញការចូលរៀននៅសាលាពេទ្យចំនួន ២.០០០នាក់ ចាប់ពីឆ្នាំសិក្សា ២០២៥ ដោយមានគោលដៅបន្ថែមគ្រូពេទ្យចំនួន ១០.០០០នាក់នៅឆ្នាំ២០៣៥។ ការទទួលយកនិស្សិតប្រចាំឆ្នាំបច្ចុប្បន្នគឺប្រមាណ ៣.០០០នាក់។ ប៉ុន្តែក្រុមវេជ្ជបណ្ឌិត និងក្រុមនិស្សិតពេទ្យ និយាយថា មានគ្រូពេទ្យគ្រប់គ្រាន់ហើយ ហើយការកើនឡើងចំនួននេះ អាចនាំទៅរកនីតិវិធីវេជ្ជសាស្រ្តមិនចាំបាច់ និងធ្វើឱ្យខាតបង់ដល់ហិរញ្ញវត្ថុនៃផែនការធានារ៉ាប់រងសុខភាពជាតិ។