
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ បាននិយាយថា ការវាយប្រហារតាមអាកាសពីររបស់អ៊ីស្រាអែល បានវាយប្រហារ ប្រទេសលីបង់ភាគខាងត្បូងកាលពីថ្ងៃចន្ទនៅជិតទីក្រុងស៊ីដុន(Sidon) ដោយបានបណ្តាលឲ្យមនុស្ស ១៤នាក់ រងរបួស ខណៈដែលកងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានកំណត់គោលដៅ«កន្លែងផ្ទុកអាវុធរបស់ក្រុមហេសបូឡា។
ចលនាហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ និងសត្រូវរបស់អ៊ីស្រាអែល បាននិងកំពុង បាញ់ប្រហារគ្នាស្ទើរតែរាល់ថ្ងៃឆ្លងកាត់ព្រំដែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។
ខណៈពេលដែលការបាញ់គ្នាភាគច្រើន ត្រូវបានកំណត់ត្រឹមតំបន់នៅជិតព្រំដែន ការវាយប្រហារកាលពីថ្ងៃចន្ទ បានកើតឡើងនៅទីក្រុងហ្គាហ្ស៊ីយេ ( Ghaziyeh) មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ (២០ម៉ាយ) ពីព្រំដែនអ៊ីស្រាអែល ដែលនៅជិតបំផុត និងមិនដល់៥គីឡូម៉ែត្រផងពីទីក្រុងស៊ីដូន។
អ្នកថតរូបសារព័ត៌មានAFPម្នាក់ បានរាយការណ៍ពីសំឡេងនៃការវាយប្រហារបន្តបន្ទាប់គ្នាយ៉ាងតិចពីរ នៅក្នុងទីក្រុងហ្គាហ្ស៊ីយេ ដែលមួយសំដៅទៅលើឃ្លាំងមួយ នៅជិតផ្លូវហាយវេឆ្នេរសមុទ្រដ៏សំខាន់ ជាមួយនឹងផ្សែងខ្មៅងងឹងហុយពីខាងលើតំបន់នោះ។