
ទោះបីជាការគំរាមកំហែងនៃគ្រោះទុរ្ភិក្ស បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់កហ្កាហ្សាស្ទ្រីបដែលញំាញី ដោយសង្រ្គាមក៏ដោយ ក៏ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បានប្រមូលផ្តុំម្តងហើយម្តងទៀត ដើម្បីបញ្ឈប់ជំនួយដែលត្រូវការយ៉ាងខ្លាំង មិនឲ្យចូលទៅក្នុងទឹកដីប៉ាឡេស្ទីនទេ។
អ្នកតវ៉ាម្នាក់ឈ្មោះ ដេវីត រុដម៉ាន (David Rudman) នៅឯច្រកព្រំដែនណីតហ្សាណា (Nitzana) រវាងអ៊ីស្រាអែល និងអេហ្ស៊ីប បាននិយាយថា៖«អ្នកប្រហែលជានិយាយថា វាមិនអាចទទួលយកបានទេក្នុងការរារាំងអាហារ និងទឹកដែលចូលទៅក្នុងនោះ»។
លោកបានអះអាងថា ដោយសារស្ថានការណ៍ដែលយើងកំពុងស្ថិតនៅក្នុងនោះ វាអាចទទួលយកបាន ខណៈដែលសង្រ្គាមនៅតំបន់ហ្កាហ្សា ការឡោមព័ទ្ធ និងវិបត្តិចំណាប់ថ្នូរ បានបន្តដល់ខែទី៥ហើយនោះ។
ការតវ៉ាចុងក្រោយបំផុតកាលពីថ្ងៃអាទិត្យ បានកើតឡើង នៅពេលដែលក្រុមហាម៉ាស បានគំរាមផ្អាកការពិភាក្សា ដើម្បីដោះលែងចំណាប់ថ្នូរ លុះត្រាតែមានជំនួយបន្ថែមទៀត។
ទោះបីជាមានការគម្រាមកំហែងទាំងនោះក៏ដោយ ក៏មនុស្សជាង ១០០នាក់ បានប្រមូលផ្តុំគ្នានៅច្រកព្រំដែនណីតហ្សាណា ជាកន្លែងដែលឧបទ្វីបស៊ីណៃ (Sinai )របស់ប្រទេសអេហ្ស៊ី ប្រសព្វនឹងវាលខ្សាច់ ណេហ្គេវ (Negev) របស់អ៊ីស្រាអែល ដោយអ្នកខ្លះនិយាយថា ពួកគេសង្ឃឹមថា នឹងដាក់សម្ពាធលើការប៉ុនប៉ង ដើម្បីដោះលែងចំណាប់ថ្នូរទាំងនោះ។
លោករុដម៉ាន មានវ័យ ៣៥ឆ្នាំ បានបើករថយន្តរយៈពេល ៣ម៉ោងពីទីក្រុងហ្ស៊េរុយសាឡឹម ដើម្បីរារាំង អាហារ ប្រេងឥន្ធនៈ និងថ្នាំមិនឲ្យចូលទៅដល់តំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បានបាញ់ផ្លោង ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស។