
អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) បានប្រកាសថា គណបក្សគំនិតថ្មី (New Ideas) ដែលជាគណបក្សកាន់អំណាចរបស់ប្រធានាធិបតីលោក Nayib Bukele នឹងគ្រប់គ្រងសំឡេងភាគច្រើនដាច់ខាតយ៉ាងលើសលប់នៅក្នុងសភាបន្ទាប់ ដោយមានអាសនៈ ៥៤ ក្នុងចំណោម ៦០អាសនៈ បន្ទាប់ពីរាប់សន្លឹកឆ្នោតដោយដៃរួចរាល់។
គណបក្សប្រឆាំង កាលពីព្រឹកថ្ងៃចន្ទនោះ បានស្នើឲ្យស្ថាប័ននេះ ចាត់ទុកជាមោឃៈនូវលទ្ធផលនៃការបោះឆ្នោតសភា នាថ្ងៃទី៤ ខែកុម្ភៈ ហើយរៀបចំការបោះឆ្នោតឡើងវិញ បន្ទាប់ពីមានភាពមិនប្រក្រតីជាច្រើន នៅក្នុងដំណើរការរាប់សន្លឹកឆ្នោត។ តែទោះជាយ៉ាងណាក្ដី អាជ្ញាធររៀបចំការបោះឆ្នោត ទំនងជាមិនយល់ស្របតាមការស្នើនោះឡើយ។ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតត្រូវបានបិទ លោក Bukele បានប្រកាសថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ ហើយគណបក្សរបស់លោកបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា។
ទោះបីជាលោក Bukele អះអាងនៅពេលនោះថា គណបក្សរបស់លោកបានទទួលអាសនៈចំនួន ៥៨ ក្នុងចំណោម ៦០អាសនៈក៏ដោយ ក៏នៅថ្ងៃបន្ទាប់ ស្ថាប័នបោះឆ្នោតរបស់ប្រទេសអែលសាល់វ៉ាឌ័រ បានចាប់ផ្តើមរាប់សន្លឹកឆ្នោតដោយដៃ បន្ទាប់ពីបានប្រកាសពីកំហុសឆ្គងនៅក្នុងប្រព័ន្ធបោះឆ្នោត ដោយសារមានរបាយការណ៍ជាច្រើនអំពីភាពមិនប្រក្រតី បញ្ហាតូចតាចផ្សេងៗ ហើយនិងការដាច់ភ្លើង និងអ៊ីនធឺណិត។
យ៉ាងណាក្ដី អាជ្ញាធរបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) បានបញ្ជាក់ពីជ័យជម្នះដ៏ធំធេងរបស់លោក Bukele ដោយទទួលសំឡេងគាំទ្រស្ទើរតែ ៨៥ភាគរយ ហើយកាលពីថ្ងៃចន្ទ បានអះអាងថា គណបក្សរបស់លោក ឥឡូវនេះបានគ្រប់គ្រងសំឡេងភាគច្រើនលើសលប់រហូតដល់ទៅ ៥៤អាសនៈ។
គណបក្សសម្ព័ន្ធសាធារណៈរដ្ឋជាតិស្តាំនិយម (ARENA) និងគណបក្សរួបរួមជាតិ នឹងមាន ២អាសនៈដូចគ្នា ហើយគណបក្ស Christian Democratic និង VAMOS នឹងទទួលបាន ១កៅអីរៀងៗខ្លួន។ កាលពីថ្ងៃចន្ទ មេដឹកនាំនៃ ARENA និងគណបក្សកំពុងរីកម្រើនចំនួន ២ គឺ Nuestro Tiempo និង VAMOS បាននិយាយថា ពួកគេបានចងក្រងឯកសារពី «ភាពមិនប្រក្រតី» ចំនួន ៦៩ច្បាប់ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត៕