
រដ្ឋមន្ត្រីការបរទេសអេក្វាឌ័រ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះ មិនមានផែនបញ្ជូនអាវុធសម័យសូវៀតទៅកាន់អ៊ុយក្រែនទេ បន្ទាប់ពីការសន្យារបស់ប្រធានាធិបតីថា នឹងធ្វើដូច្នេះបានបង្កឲ្យមានជម្លោះជាមួយទីក្រុងមូស្គូជុំវិញការនាំចេញចេក និងទ្រយោងចេក។
រដ្ឋមន្ត្រីការបរទេស លោកស្រី ហ្គាប្រ៊ីឡា សុំមឺហ្វិល (Gabriela Sommerfeld) បានប្រាប់គណៈកម្មាធិការសភាថា៖«អេក្វាឌ័រ នឹងមិនបញ្ជូនសម្ភារៈសង្គ្រាមណាមួយទៅឲ្យប្រទេសដែលជាប់ពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិនោះទេ»។
លោកប្រធានាធិបតី ដាញ៉ែល ណូបូ (Daniel Noboa) បានប្រកាសកាលពីខែមុនថា ទីក្រុងឃ្វីតូ ( Quito) បានយល់ព្រមផ្លាស់ប្តូរគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ីដែលបានក្លាយជា «សំណល់អេតចាយ» សម្រាប់អាវុធថ្មីរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃប្រហែល ២០០លានដុល្លារ។
ប្រទេសអេក្វាឌ័រ គ្រោងនឹងបញ្ជូនឧទ្ធម្ភាគចក្រយោធារុស្ស៊ីចំនួន៦គ្រឿង គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាសទៅកាន់សហរដ្ឋអាមេរិក។
សព្វាវុធទាំងនេះ នឹងត្រូវបញ្ជូនពីសហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន។ ជាថ្នូរនឹងគ្នា អេក្វាឌ័រ នឹងទទួលបានសព្វាវុធទំនើបៗ ដើម្បីប្រឈមមុខនឹងក្រុមជួញដូរគ្រឿងញៀនដ៏មានអំណាចដែលមានប្រទេសដែលកំពុងត្រូវបានគេរឹតបន្តឹងនេះ។
ទីក្រុងមូស្គូ បានថ្កោលទោសការសម្រេចចិត្ត «ខ្វះការប្រុងប្រយ័ត្ន» និងបានហាមឃាត់ការនាំចូលចេក និងទ្រយោងចេកមួយចំនួនរបស់អេក្វាឌ័រ ដោយលើកឡើងពីការរកឃើញមានសត្វល្អិត។