
មន្ត្រីអ៊ីស្រាអែល បានប្រាប់សារព័ត៌មានរ៉យទ័រថា យោធាអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការទ្រង់ទ្រាយធំរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សាយ៉ាងហោចណាស់ ៦សប្តាហ៍ទៀត មុនពេលឈានដល់ការបញ្ចប់ជម្លោះនេះ។
មន្ត្រីយោធាអ៊ីស្រាអែល៤រូប បានប្រាប់សារសារព័ត៌មាននេះថា អ៊ីស្រាអែល នឹងអនុវត្តយុទ្ធសាស្ត្រនៃការវាយប្រហារតាមអាកាសតិចជាងមុន និងផ្តោតសំខាន់ទៅលើប្រតិបត្តិការកំណត់គោលដៅ។ រយៈពេលពី៦ទៅ៏សប្តាហ៍ ទំនងជាយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅទីក្រុងរ៉ាហ្វា ដែលនឹងចាប់ផ្តើម ក្នុងពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការលុកលុយទីក្រុងរ៉ាហា្វ ដែលជាទីក្រុងព្រំដែនហ្កាហ្សា ស្ថិតនៅជាប់នឹងប្រទេសអេហ្ស៊ីប។ ចំណែកសហរដ្ឋអាមេរិក ក៏បានចេញការព្រមានថា ខ្លួននឹងមិនគាំទ្រយុទ្ធនាការនៅទីក្រុងរ៉ាហ្វា ប្រសិនបើអ៊ីស្រាអែលមិនបង្ហាញផែនការច្បាស់លាស់អំពីរបៀបកាត់បន្ថយជនរងគ្រោះជនស៊ីវិលទេនោះ។
លោកអាវី មេឡាមេដ (Avi Melamed) អតីតមន្ត្រីចារកម្មអ៊ីស្រាអែល បានប្រាប់សារព័ត៌មានរ៉យទ័រថា ទីក្រុងរ៉ាហ្វា គឺជាបន្ទាយចុងក្រោយនៃការគ្រប់គ្រងរបស់ក្រុមហាម៉ាស ហើយនៅតែមានកងវរសេនាតូច នៅ ទីក្រុងរ៉ាហ្វាដែលអ៊ីស្រាអែលត្រូវតែរុះរើ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងសង្គ្រាមនេះ»។