ភ្នំពេញ ៖ ក្រុមការងារអង្គការចៃកា និងមន្ទីរសាធារណការរាជធានីភ្នំពេញ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីប្រវែងប្រមាណ៤០០ម៉ែត្រនៅតំបន់វត្តភ្នំ ដែលជាប្រព័ន្ធលូខ្នាតធំក្រោមដីជម្រៅ៤ទៅ៦ម៉ែត្រ មនុស្សអាចចេញចូលបាន។
ក្រុមការងារនៃគម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យប្រព័ន្ធលូក្រោមដីប្រវែងប្រមាណបួនរយម៉ែត្រ ។
ជាមួយគ្នានោះក៏មានការចុះពិនិត្យមើលការសាងសង់ស្ថានីយបូមទឹកខាងមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនតារយៈចៃកា ។
លោក អេច មីដា (H.MeaDA) ទីប្រឹក្សាត្រួតពិនិត្យចៃការ របស់ក្រុមហ៊ុនCTI បានឱ្យដឹងថា ការជីកដាក់លូក្រោមដីទំហំធំ ដែលអាចឱ្យមនុស្សចេញចូលបាននេះ ជាប្រព័ន្ធលូ ស្ថិតក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ របស់ចៃកា ដោយចាប់ផ្ដើមពីផ្លូវលេខ៤៧ ដល់វង្វេង់មូលគួចកាណុង ពីវង្វេង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨ តំបន់នោះ គឺដាក់លូទំហំ១,៨ម៉ែត្រ។ ចាប់ពីផ្លូវលេខ៤៧ ដល់មហាវិថីព្រះស៊ីសុវត្ថិ គឺដាក់លូទំហំ២,៣០ម៉ែត្រ និងមួយខ្សែទៀតពីផ្លូវលេខ៤៧ ដល់ផ្លូវលេខ៨៨ រហូតមកដល់ស្ថានីយបូមទឹកខាងមុខCDC ទន្លេសាប គឺដាក់លូទំហំ១,៨ម៉ែត្រ។
លោក អេច មីដា បន្តថា ក្នុងគម្រោងនេះ ក៏មានការកសាងអាងស្តុបទឹក ដែលមានទំហំបណ្តោយ១៣៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ម៉ែត្រគូប។
ស្ថានីយបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាមផងដែរ ។ គម្រោងនេះគ្រោងនិងភ្ជាប់លូផ្សេងៗទៀត ចូលមកប្រព័ន្ធលូមេថ្មីនេះ នៅក្នុងអំឡុងខែតុលាខាងមុខ ។ ក្រោយបញ្ចប់គម្រោងនេះហើយ វាអាចរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា និងមួយផ្នែកខ្លះទៀតនៅខណ្ឌទួលគោក។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង សំរាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹក៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





