ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់សំអាតបញ្ហាគ្រឿងញៀងជាបឋមបើរកឃើញក្នុងជួរមន្ត្រីរាជការណាដែលប្រើប្រាស់គ្រឿងញៀននឹងបណ្តេញចេញពីក្របខ ណ្ឌទាំងអស់ពោលគឺមិនចំពោះតែកងកម្លាំងប្រដាប់អាវុធនោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ” នៅសណ្ឋាគារសុខារាជធានីភ្នំពេញរសៀលថ្ងៃទី២០កុម្ភៈ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចាត់វិធានការដ៏ម៉ឺងម៉ាត់ទៅលើមន្ត្រីរាជការស៊ីវិលដែលពាក់ព័ន្ធនឹងគ្រឿងញៀនមិនថាចំពោះតែកងកម្លាំងប្រដាប់អាវុធបែបនេះ ជាវិធីនិងមធ្យោបាយកុំឱ្យការអនុវត្តបង្ក្រាបបទល្មើសគ្រឿងញៀនប្រៀបដូចជាការវែកចក។
គួរបញ្ជាក់ថា៖ បញ្ហាគ្រឿងញៀនជាក្តីបារម្ភរបស់រាជរដ្ឋាភិបាល ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា បញ្ហាគ្រឿងញៀនជាបញ្ហាស្មុគ្រស្មាញចាក់ស្រេះ និងកាន់តែកើន តែមិនមែនជាបញ្ហាដាច់ដោយឡែកតែកម្ពុជានោះទេ។ដូច្នេះត្រូវចូលរួមទាំងអស់គ្នាដោយចាត់ទុកគ្រឿងញៀនជាបញ្ហារួមក្នុងការ ប្រយុទ្ធប្រឆាំងការ ចរាចរ ជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជា៕ ដោយ ៖ ដារា



