ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យកត់ត្រាមន្ត្រីរាជការរូបណាមានការពាក់ព័ន្ធគ្រឿងញៀនចូលក្នុងបញ្ជីខ្មៅ ដោយសម្ដេចចាត់ទុកថា ករណីនេះមិនមែនជាការរំលោភសិទ្ធិនោះទេតែជាការជួយសហគមន៍មិនឱ្យពាក់ព័ន្ធគ្រឿងញៀន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់លើកទី៩» នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់នូវឫសគល់គ្រឿងញៀនចេញពីកម្ពុជា។
សម្តេចធិបតីមានប្រសាសន៍ណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផល ប៉ះពាល់នៃគ្រឿងញៀន និងធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង តាមគ្រប់មធ្យោបាយដល់ប្រជាជនឱ្យបានទូលំទូលាយ។ សម្ដេចបន្តថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញគោលដៅទប់ស្កាត់ និងឈានទៅលុបបំបាត់គ្រឿងញៀនចេញពីសង្គមខ្មែរ។ ដូច្នេះដើម្បីចូលរួមលុបបំបាត់គ្រឿងញៀនទៅបាន ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញាតិកុំឱ្យប៉ះពាល់ជាមួយគ្រឿងញៀន។
សម្ដេចធិបតីបញ្ជាក់ថា ក្នុងគោលដៅឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ដាក់បានបញ្ចូលការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូលនៃបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្របតាមការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន» តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ព្រមទាំងបានដំឡើងកម្រិតនៃការបញ្ជាដឹកនាំ និងចាត់តាំងយុទ្ធនាការដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័ន ក្នុងការអនុវត្ត ផ្សព្វផ្សាយ និងគាំទ្រ ៕ អត្ថបទ៖ វ៉ន ដារ៉ា





