
មន្ត្រីអាមេរិកពីររូប បានប្រាប់សារព័ត៌មាន CNN ថា សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេត បន្ទាប់ពីយានដ្រូន របស់ខ្លួន បានធ្លាក់នៅជិតទីក្រុងហូដេដា ( Hodeidah)ក្នុងប្រទេសយេម៉ែន កាលពីព្រឹកថ្ងៃចន្ទ។
ពុំច្បាស់ទេថាតើយានដ្រូនMQ-9Reaperរបស់កងទ័ពអាកាសដែលប្រើសម្រាប់ការប្រមូលព័ត៌មានចារកម្ម បានធ្លាក់ដោយខ្លួនឯង ឬត្រូវបានគេបាញ់ទម្លាក់នោះទេ។ អ្នកនាំពាក្យរបស់កងកម្លាំងហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនជា Twitterថា យានដ្រូននោះ ត្រូវបានបាញ់ទម្លាក់«ជាមួយនឹងមីស៊ីលមួយគ្រាប់»។
នេះមិនមែនជាលើកទី១ដែលក្រុមសកម្មប្រយុទ្ធ អាចបាញ់ទម្លាក់យានដ្រូនរបស់អាមេរិកទេ។ ក្រុមហ៊ួទី ធ្លាប់បានបាញ់ទម្លាក់យានដ្រូន MQ-9 Reaper កាលពីខែវិច្ឆិកា នៅឯឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។
សហរដ្ឋអាមេរិក បានបន្តការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែនសម្រាប់ការការវាយប្រហាររបស់ក្រុមនេះលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅសមុទ្រក្រហម។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារស្វ័យការពារចំនួន៥លើកលើមីស៊ីលប្រឆាំងនាវាចល័តចំនួនបីគ្រាប់ នាវាលើទឹកគ្មានមនុស្សបើកមួយគ្រឿង និងនាវាក្រោមទឹកគ្មានមនុស្សបើកមួយគ្រឿង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន។