ភ្នំពេញ ៖ ប្រធានគណៈប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន ខណះកម្ពុជាខិតខំយ៉ាងខ្លាំងលើការងារបោសសម្អាតគ្រាប់ មីន។ដោយបានចាត់ទុកការងារបោសសម្អាតមីន គឺជាកិច្ចការដ៍សំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់និងមិនឲ្យមានជនរងគ្រោះពិការឬបាត់បង់ជីវិត ដោយសារគ្រាប់យុទ្ធភណ្ឌ័បន្សល់ពីសង្គ្រាម ជាពិសេសនោះគឺជួយពន្លឿនដល់ការអភិវឌ្ឍដីធ្លីនៅកម្ពុជាថែមទៀត។
លោក អ៉ីហ្គ័រ ឌ្រីស្មែន(Igor Driesmans ) ប្រធានគណៈ ប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា បានកោតសសើរកម្ពុជាយ៉ាងដូច្នេះ ខណះត្រូវបានឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។
ក្នុងជំនួបនោះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋ មន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអ៊ឺរ៉ុប ដែលបានផ្តល់នូវការគាំទ្រដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិក នៃសហភាពអ៊ឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការរួមចំណែកផ្តល់ដីមានសុវត្ថិភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត លី ធុជ ក៍បានបញ្ជាក់ប្រាប់ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជាផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានតាំង ចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ ២០២៥ខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការយកចិត្តទុកខ្ពស់របស់សម្តេចធិបតី ត្រូវបានសហគមន៍អន្តរជាតិវាយ តម្លៃខ្ពស់ និងផ្តល់កិត្តិយសបោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ ក្នុង នាមសម្តេចធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យសហភាពអ៊ឺរ៉ុបពិចារណាជួយគាំទ្រដល់ដំណើររៀបចំកិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា លទ្ធផលនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលទទួលបានគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអ៊ឺរ៉ុបកាលពីឆ្នាំ២០២៣ កន្លងទៅ ត្រូវបានចាត់ទុកជាធាតុមួយយ៉ាងសំខាន់សម្រាប់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលសៀម រាប-អង្គរ ដែលផែនការអាទិភាពមួយ ក្នុងចំណោមផែនការអាទិភាពចំនួនបីរបស់កម្ពុជា។
ជាការឆ្លើយតបលោក Igor Driesmans ក៍បានសម្តែងការអបអរសាទរដែលកម្ពុជាទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នេះ។ ដោយឡែកពាក់ព័ន្ធនឹងសំណើរបស់កម្ពុជា ឱ្យជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប -អង្គរ លោក Igor Driesmans បានដាក់សំណើនេះរួចហើយ ទៅកាន់ទីស្នាក់កណ្តាលរបស់សហភាពអ៊ឺរ៉ុប ដើម្បីធ្វើការពិចារណាទៅតាមសំណើរបស់កម្ពុជា៕ អត្ថបទ ៖ ភារម្យ







