អន្ដរជាតិ៖ អាល្លឺម៉ង់ បានរាយការណ៍ការហាក់ឡើងខ្ពស់ករណីឆ្លងថ្មីជំងឺ COVID-19 ដែលជាសញ្ញាមួយបង្ហាញថា ការរីករាលដាលឆ្លងសកល នឹងកើតឡើងម្តងទៀតនៅក្នុងប្រទេសនេះ។
វិទ្យាស្ថាន Robert Koch ដែលជាទីភ្នាក់ងារគ្រប់គ្រងជំងឺជាតិ បានរាយការណ៍ករណីឆ្លងថ្មី ៤.០៥៨នាក់ និងករណីស្លាប់ ១៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នៅថ្ងៃព្រហស្បតិ៍នេះ។
ករណីឆ្លងថ្មីនេះដែរ បានធ្វើឲ្យករណីឆ្លងនៅអាល្លឺម៉ង់កើនឡើងដល់ ៣១០.១៤៤នាក់ និងករណីស្លាប់ ៩.៥៧៨នាក់។
លោកឡូថា វីលឺ គឺជាប្រធានវិទ្យាស្ថាន Robert Koch បាននិយាយថា មាននូវការរីករាលឆ្លងតាមផ្ទះមនុស្សចាស់ មណ្ឌលថែទាំមនុស្សចាស់ និងតាមមន្ទីរពេទ្យ ដែលនេះមានន័យថា នឹងមានអ្នកជំងឺចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យច្រើនជាងមុន ។
លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទកាសែតនាថ្ងៃព្រហស្បតិ៍នេះដែរថា មនុស្សវ័យក្មេង បានឆ្លងច្រើនជាងកាលពីប៉ុន្មានខែមុន។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរ បានជំរុញពលរដ្ឋមិនឲ្យធ្វើដំណើរចេញពីតំបន់ ឬទៅកាន់តំបន់ដែលមានករណីឆ្លងថ្មី ៥០នាក់។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោកហ្សង់ ស្ប៉ាញ បានកើតសរសើរផងដែរ ដល់ពលរដ្ឋអាល្លឺម៉ង់ ដែលអាចបន្តគ្រប់គ្រងការីករាលដាលឆ្លងជំងឺដ៏កាចសហាវមួយនេះបាន ៕ អត្ថបទ៖ សារ៉ាត់
