
អ៊ីស្រាអែល បានបញ្ជាឲ្យអ្នកស្រុកជម្លៀសចេញពីសង្កាត់ចំនួនពីរក្នុងទីក្រុងហ្កាហ្សា ដោយបង្ហាញពីប្រតិបត្តិការយោធា ដែលនឹងកើតមាន នៅទីនោះ។
ការអំពាវនាវនេះ ត្រូវបានចេញនៅព្រឹកថ្ងៃអង្គារនេះសម្រាប់សង្កាត់ Zeitoun និង Turkman ដែលមានទីតាំងនៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប។ ទាហានអ៊ីស្រាអែល បានចល័តចូលតំបន់នេះ ជាលើកដំបូងក្នុងខែវិច្ឆិកា។
អ្នកស្រុកទាំងអស់ ត្រូវបានគេប្រាប់ឲ្យផ្លាស់ទីទៅតំបន់ដែលបានកំណត់បន្ថែមទៀត នៅភាគខាងត្បូងតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
អង្គការសហប្រជាជាតិនិយាយថា ប្រជាជនរហូតដល់១,៧លាននាក់ ក្នុងចំណោមអ្នកស្រុកជាង ២,២ លាននាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវចាកចេញពីផ្ទះរបស់ពួកគេ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។
ប្រជាជនប្រហែល ១,៥ លាននាក់ កំពុងប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅក្នុងទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត ដែលជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប។