
អង្គភាពសារព័ត៌មានរបស់តុលាការ បានឲ្យដឹងថា នៅថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) នេះ តុលាការរុស្ស៊ីបានច្រានចោលពាក្យបណ្តឹងរបស់អ្នកសារព័ត៌មានអាមេរិក លោក Evan Gershkovich ជុំវិញការបន្តការឃុំខ្លួនរូបលោក ដោយមិនទាន់កាត់ក្ដី រហូតដល់ថ្ងៃទី៣០ ខែមីនា ពាក់ព័ន្ធនឹងបទចោទប្រកាន់ចារកម្ម ដែលការចោទប្រកាន់នេះត្រូវបានលោកបដិសេធ។
សូមបញ្ជាក់ថា លោក Gershkovich ដែលជាអ្នកធ្វើការឲ្យសារព័ត៌មាន Wall Street Journal (WSJ) ត្រូវបានឃុំខ្លួនដោយសេវាសន្តិសុខសហព័ន្ធ (FSB) កាលពីថ្ងៃទី២៩ ខែមីនា នៅតំបន់ Urals របស់ទីក្រុង Yekaterinburg ក្រោមការចោទប្រកាន់ពីបទចារកម្ម ដែលជាបទល្មើសត្រូវជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ។
ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអតីតពិធីកររបស់ប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Tucker Carlson ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកំពុងស្វះស្វែងរកការជាប់ឆ្នោតឡើងវិញ នៅខែមីនាខាងមុខនោះ បាននិយាយថា ការដោះដូរអ្នកទោសអាចនាំទៅដល់ការផ្ដល់សេរីភាព សម្រាប់លោក Gershkovich។
តែលោក Putin បានបដិសេធមិនផ្តល់ក្របខ័ណ្ឌពេលវេលាជាក់លាក់ណាមួយ ដែលការដោះដូរនេះអាចកើតឡើងនោះឡើយ ហើយបាននិយាយថា លោក Gershkovich ត្រូវបានឃុំខ្លួនពីបទធ្វើចារកម្ម នៅប្រទេសរុស្ស៊ី៕