
តំណាងសហជីពបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អគារ Eiffel Tower ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក នឹងនៅតែបន្តបិទដដែល នៅថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) នេះ ដោយនេះគឺជាការបិទរយៈពេល ២ថ្ងៃជាប់គ្នា ខណៈបុគ្គលិកបន្តធ្វើកូដកម្ម។
ការធ្វើកូដកម្មនេះបានចាប់ផ្តើម កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) ដែលជាការតវ៉ា ចំពោះវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់អាគារនេះ។ ប្រតិបត្តិកររបស់អគារ គឺ SETE បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា «ការទៅលេងកម្សាន្ត ដើម្បីទស្សនាអាគារនេះ នឹងជួបការរំខាន នៅថ្ងៃអង្គារនេះ»។
ប្រតិបត្តិករបានណែនាំអ្នកមានសំបុត្រឲ្យតាមដានពិនិត្យមើលគេហទំព័ររបស់ខ្លួន មុនពេលទៅ ឬពន្យារពេលការចូលមើលរបស់ពួកគេ។ ហើយអ្នកមានសំបុត្រអេឡិចត្រូនិចត្រូវបានស្នើសុំឲ្យពិនិត្យមើលអ៊ីម៉ែល(សារអេឡិចត្រូនិក) សម្រាប់ព័ត៌មានបន្ថែម។
ការតវ៉ានេះគឺជាការធ្វើកូដកម្មលើកទី២ នៅឯអាគារ Eiffel Tower ក្នុងរយៈពេល ២ខែនេះ សម្រាប់ហេតុផលតែមួយ។ សហជីពបានរិះគន់ប្រតិបត្តិករ SETE ចំពោះគំរូអាជីវកម្មរបស់ខ្លួន ដែលពួកគេនិយាយថា ផ្អែកលើការប៉ាន់ស្មានហួសហេតុនៃចំនួនអ្នកទស្សនានាពេលអនាគត ខណៈដែលការប៉ាន់ប្រមាណលើការសាងសង់ទាបជ្រុលពេក។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័ររបស់អាគារ Eiffel Tower បានឲ្យដឹងថា ទីកន្លែងកម្សាន្តដ៏ល្បីល្បាញបំផុតរបស់ទីក្រុងប៉ារីសនៃប្រទេសបារាំងមួយនេះ ទាក់ទាញអ្នកទស្សនាជិត ៧លាននាក់ ក្នុង ១ឆ្នាំ ដោយក្នុងនោះប្រហែល ៣ភាគ៤ នៃចំនួនភ្ញៀវទេសចរនោះជាជនបរទេស៕