យោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវឯករាជ្យនៅសហរដ្ឋអាមេរិក និងអង់គ្លេស ទោះបីការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាបានបញ្ចប់នៅពេលនេះក៏ដោយ ក៏មនុស្សប្រហែល ៨.០០០នាក់ទៀតនៅតែអាចស្លាប់នៅទីនោះក្នុងរយៈពេល៦ខែខាងមុខ ព្រោះវិបត្តិសុខភាពសាធារណៈបង្កឡើងដោយសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

មន្ទីរពេទ្យនានានៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នា ហើយជាង ៨៥% នៃប្រជាជនរបស់ខ្លួនចំនួន២,៣លាននាក់គ្មានផ្ទះសម្បែង ខណៈមានការកើនឡើងនៃជំងឺដូចជារាគ ក៏ដូចជាកង្វះអាហារូបត្ថម្ភនៅក្នុងទីជម្រកដ៏ចង្អៀត។
តួលេខនេះបានមកពីរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវនៅសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍ (London School of Hygiene)និងមជ្ឈមណ្ឌល Johns Hopkins សម្រាប់សុខភាពមនុស្សធម៌នៅសហរដ្ឋអាមេរិក និងជាផ្នែកមួយនៃការព្យាករយ៉ាងទូលំទូលាយចំពោះចំនួនអ្នកស្លាប់កាន់តែច្រើនថែមទៀតក្នុងជម្លោះក្នុងរយៈពេល៦ខែបន្ទាប់នៅក្នុងតំបន់ហ្កាហ្សា។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនិយាយថា ខ្លួនពុំរាប់បញ្ចូលអ៊ីស្រាអែលទេ ព្រោះប្រព័ន្ធសុខភាពសាធារណៈរបស់អ៊ីស្រាអែលពុំបានរងការខូចខាតឡើយ។
ការព្យាករណ៍របស់ក្រុមអ្នកស្រាវជ្រាវ លើកឡើងថា ប្រសិនបើការប្រយុទ្ធនៅតែបន្ត ឬរីកកាន់តែធំ របួសផ្លូវចិត្តនឹងធ្វើឱ្យមានការស្លាប់ច្រើនលើសលប់នៅក្នុងតំបន់ហ្កាហ្សា ។
ប៉ុន្តែការស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ជំងឺឆ្លងដូចជាជំងឺអាសន្នរោគ និងកង្វះលទ្ធភាពទទួលបានការថែទាំសម្រាប់លក្ខខណ្ឌដូចជាជំងឺទឹកនោមផ្អែម ក៏នឹងសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ៕