គណបក្សនយោបាយធំបំផុតចំនួន២របស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលនឹងបញ្ចប់ការចរចាដ៏តានតឹងរយៈពេល១០ថ្ងៃ បន្ទាប់ពីការបោះឆ្នោតសកលពុំបានផ្ដល់សំឡេងភាគច្រើនដាច់ខាតដល់គណបក្សណាមួយ។
កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនប៉ាគីស្ថាន(PPP)របស់លោក ប៊ូតូ ហ្សាដារី (Bhutto Zardari) និងគណបក្សសម្ព័ន្ធមូស្លីមណាវ៉ាស់-ប៉ាគីស្ថាន (PML-N) របស់អតីតនាយករដ្ឋមន្ត្រី៣ជំនាន់ លោកណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) បានបញ្ចប់ភាពមិនច្បាស់លាស់និងការចរចារយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី៨ខែកុម្ភៈដែលបានធ្វើឲ្យសភាជាប់គាំង។
លោក ប៊ូតូ ហ្សាដារី បានបញ្ជាក់នៅឯសន្និសីទសារព័ត៌មានពេលយប់មួយក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ថា អតីតនាយករដ្ឋមន្ត្រីហ្សេបាស ហ្សារីហ្វ ដែល (Shehbaz Sharif) ដែលអង្គុយក្បែរលោក អាចជាបេក្ខជននាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលចម្រុះនេះ។
លោកបានបន្ថែមថា ឪពុករបស់លោក គឺលោកអាស៊ីហ្វ អាលី ហ្សាដារី(Asif Ali Zardari) នឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់សម្ព័ន្ធភាពនេះ។
លោក ហ្សេបាស ហ្សារីហ្វ ដែលជាប្អូនប្រុសរបស់លោកណាវ៉ាស់ ហ្សារីហ្វ បាននិយាយថា គណបក្សទាំង២មានសំឡេងគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះបាន ហើយក៏មានការគាំទ្រពីបណ្ដាគណបក្សតូចៗផ្សេងទៀតដែរ។
គណបក្ស PML-Nគឺជាបក្សធំជាងគេបំផុត ដែលមានសំឡេង៧៩អាសនៈ ហើយគណបក្ស PPP ទទួលបានសំឡេងគាំទ្រចំនួន៥៤អាសនៈ បូករួមទាំងគណបក្សតូចៗ៤ទៀត អាចមានសំឡេងភាគច្រើនក្នុងសភា ដែលមានអាសនៈសរុបចំនួន២៦៤អាសនៈ៕