ភ្នំពេញ៖ ប្រទេសកាណាដា ផ្តល់ថវិកាដល់កម្ពុជាចំនួន ៣៦០.០០០ ដុល្លារកាណាដា ស្មើនឹងប្រមាណជា ២៦៦.០០០ ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ឯកឧត្តម អាឡាន់ ប៊ូវមែន(Alan Bowman) អគ្គនា យកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការ បរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដាបានការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងជំនួបនោះ ឯកឧត្តម អាឡាន់ ប៊ូវមែន បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តម អាឡាន់ ប៊ូវមែន បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រម ទាំងបានផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។
តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍននៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងផ្តល់ការគាំទ្រដល់ដំណើរប្រព្រឹត្តិទៅនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អគ្គនាយកនៃក្រសួងការបរទេសកាណដាថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។
សូមជម្រាបជូនថា កម្ពុជា បានត្រៀមខ្លួចរួចជាសម្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន បានអំពាវនាវឱ្យមានការចូលរួមគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំកំពូលនេះ ពីសំណាក់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សប្បុរសជន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា ឲ្យទទួលបានជោគជ័យ៕អត្ថបទ.ភារម្យ





