អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាក្រុមហាម៉ាស បានបញ្ជាក់ពីការទទួលបានការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតា ហើយបានចាប់ផ្តើមផ្តល់ការផ្គត់ផ្គង់ដល់ចំណាប់ថ្នូរដែលឃុំខ្លួននៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាជេត អាល់អានសារី (Majed Al-Ansari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសកាតា បានទទួលការបញ្ជាក់ទាំងនេះក្នុងនាមជាអ្នកសម្របសម្រួលក្នុងកិច្ចព្រមព្រៀង ដែលរួមមានការដឹកជញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ និងរងការខូចខាត ជាថ្នូរនឹងការចែកចាយឱសថដែលចំណាប់ថ្នូរត្រូវការ»។

ប្រទេសកាតា និងបារាំងបានចុះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុនលើការផ្តល់ឱសថបន្ទាន់ដល់ចំណាប់ថ្នូរ ដែលត្រូវចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា ជាថ្នូរនឹងជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្ដសម្រាប់ជនស៊ីវិល ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់នោះ៕
