អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាប្រទេសជាងពាក់កណ្តាលនៃពិភពលោក នឹងជួបហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំងនៃការផ្ទុះជំងឺកញ្ជ្រឹលនៅចុងឆ្នាំនេះ លុះត្រាតែមានវិធានការបង្ការជាបន្ទាន់។

ករណីជំងឺកញ្ជ្រឹល បាននិងកំពុងកើនឡើងនៅទូទាំងតំបន់ភាគច្រើនដោយសារតែការខកខានមិនបានចាក់វ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នៅពេលដែលប្រព័ន្ធសុខាភិបាលមមាញឹកខ្លាំង និងខកខានមិនបានការចាក់វ៉ាក់សាំងជាប្រចាំសម្រាប់ប្រភេទជំងឺដែលអាចការពារបាន។

លោកស្រី ណាថាស្ហា ក្រាវក្រុហ្វត៍ (Natasha Crowcroft) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកស្តីពីជំងឺកញ្ជ្រឹល និងជំងឺរូបេឡា (កញ្ជ្រឹលអាល្លឺម៉ង់) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «យើងអាចមើលឃើញពីទិន្នន័យរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយលោកដោយមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិក (CDC) ថាជាងពាក់កណ្តាលនៃបណ្តាប្រទេសទាំងអស់នៅលើពិភពលោក នឹងមានហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំងនៃការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅចុងឆ្នាំ២០២៤ នេះ»។

កញ្ជ្រឹល គឺជាប្រភេទវីរុសឆ្លងខ្លាំងតាមរយៈខ្យល់ ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោមប្រាំឆ្នាំ។ ជំងឺនេះអាចត្រូវបានការពារដោយការចាក់វ៉ាក់សាំងចំនួនពីរដូស ហើយបើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការស្លាប់ជាង ៥០ លាននាក់ ត្រូវបានបញ្ចៀសចាប់តាំងពីឆ្នាំ២០០០ មក៕