កម្មវិធីស្បៀងអាហារពិភលោក (World Food Programme) បានផ្អាកការដឹកជញ្ជូនជំនួយសង្រ្គោះជីវិតទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ដោយនិយាយថា ក្បួនជំនួយនានាបានជួបប្រទះភាពចលាចល និងអំពើហិង្សាដោយសារការបរាជ័យនៃសណ្ដាប់ធ្នាប់ស៊ីវិល។

ទីភ្នាក់នេះបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើភ្លាមៗ ហើយក្រុមការងារបានប្រឈមនឹងការចូលដណ្ដើមយកជំនួយពីក្រុមប្រជាពលរដ្ឋ ការផ្ទុះអាវុធ និងការលួចជំនួយ។

អង្គការសហប្រជាជាតិបានព្រមានពីការកើនឡើងនៃគ្រោះទុរ្ភក្សនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងកាលពីខែធ្នូឆ្នាំមុន។កម្មវិធីស្បៀងអាហារពិភលោក និយាយថា របាយការណ៍នានាគឺជាភស្តុតាងបង្ហាញពីការធ្លាក់ចូលក្នុងភាពអត់ឃ្លាន និងការឆ្លងរាតត្បាតជំងឺផ្សេងៗ។
ប្រទេសអ៊ីស្រាអែល បានបញ្ជាឲ្យជនស៊ីវិលពលរដ្ឋប៉ាឡេស្ទីនចំនួន១,១លាននាក់ ជម្លៀសចេញពីគ្រប់តំបន់ទាំងអស់ក្នុងភាគខាងជើងតំបន់ហ្កាហ្សាវ៉ាឌី (Wadi Gaza) និងស្វែងរកទីជម្រកក្នុងភាគខាងត្បូងនៅពេលការវាយលុកដោយថ្មើរជើងបានចាប់ផ្ដើមកាលពីក្នុងខែតុលា។

ប្រជាពលរដ្ឋភាគច្រើនបានអនុវត្តន៍តាមបញ្ជារបស់កងទ័ពអ៊ីស្រាអែល ប៉ុន្តែពលរដ្ឋរាប់ម៉ឺននាក់សុខចិត្តបន្តរស់នៅឬមិនអាចរត់ភៀសខ្លួនបាន ខណៈកងទ័ពអ៊ីស្រាអែលឡោមព័ទ្ធតំបន់នេះ ហើយក្រោយមកបានគ្រប់គ្រងផ្នែកដ៏ធំនៃមូលដ្ឋាននានារបស់ក្រុមហាម៉ាសនៅទីនោះ។
កាលពីខែមុនទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA បាននិយាយថា មនុស្សយ៉ាងហោចណាស់៣០ម៉ឺននាក់ ដែលនៅតែបន្តស្នាក់នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង បានពឹងផ្អែកទាំងស្រុងលើជំនួយដើម្បីរស់។
ការដឹកជញ្ជូនជំនួយទៅកាន់ភាគខាងជើងត្រូវបានជួបភាពភ័យខ្លាច និងការលំបាក ដោយសារស្ថានភាពសន្តិសុខពីយោធារបស់អ៊ីស្រាអែល៕