ប្រទេសហ្វាំងឡង់ បាននិយាយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាជនអន្តោប្រវេសន៍ «រាប់ពាន់នាក់» មកពីប្រទេសទីបី កំពុងរង់ចាំឆ្លងព្រំដែនចូលទៅក្នុងទឹកដីហ្វាំងឡង់ ពីប្រទេសរុស្ស៊ី។

ប្រទេសហ្វាំងឡង់ បានបិទច្រកឆ្លងកាត់ទាំងអស់នៅលើព្រំដែន ១.៣៤០ គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសរុស្ស៊ីកាលពីចុងឆ្នាំមុន ស្របពេលមានការកើនឡើងនៃចំនួនអ្នកមកដល់ ដែលខ្វះឯកសារត្រឹមត្រូវដើម្បីចូលសហភាពអឺរ៉ុប។ ទីក្រុង ហែលស៊ិនគី (Helsinki) បានចោទប្រកាន់ទីក្រុងមូស្គូ ពីការធ្វើជំរុញជនអន្តោប្រវេសន៍ទៅកាន់ព្រំដែន ដោយនោះជាការអះអាងដែលវិមានក្រឹមឡាំងបានបដិសេធ។

ខណៈពេលដែលតំបន់ព្រំដែនព្រៃឈើរបស់ប្រទេសហ្វាំងឡង់ បានឃើញសីតុណ្ហភាពត្រជាក់ក្រោមសូន្យ និងព្រិលធ្លាក់ខ្លាំងក្នុងអំឡុងខែរដូវរងារ លោកស្រី ម៉ារី រ៉ានថានេន (Mari Rantanen) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថាលោកស្រីជឿថា ជនអន្តោប្រវេសន៍កាន់តែច្រើនអាចព្យាយាមឆ្លងកាត់ដោយខុសច្បាប់នៅពេលដែលនិទាឃរដូវមកដល់ ព្រោះសីតុណ្ហភាពកើនឡើងជាលំដាប់ហើយងាយស្រួលក្នុងការធ្វើដំណើរ៕
