ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមជាលើកដំបូង នៃការលក់ទឹកស្អាតទៅឲ្យប្រតិបត្តិករ ឯកជន ពោលគឺការបោះដុំជូនដល់វិស័យឯកជន ចំនួនពីរគម្រោង ដើម្បីមានលទ្ធភាពចែកចាយទឹកស្អាតបន្តទៅដល់ប្រជាពលរដ្ឋ ពិសេសនៅទីប្រជុំឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។
ជុំវិញការបោះដុំទឹកស្អាតនេះ, ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ ការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ទាក់ទងការចុះ អនុស្សារណៈលើការផ្គត់ផ្គង់ទឹកស្អាតដុំ ជូនប្រតិបត្តិករទឹកស្អាតឯកជននេះ ចំពោះគម្រោងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមកដល់ ពេលនេះ ស្ថានភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺមានសមត្ថភាពពេញលេញ ដើម្បីផ្គត់ផ្គង់ដល់ប្រតិបត្តិករ ឯកជន ដែលជំហានដំបូងនេះជូនដល់ប្រតិបត្តិករឯកជននៅតំបន់ព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ជាក់ស្តែងគិតដល់ ចុងខែកុម្ភៈនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតប្រមាណ ១ លានម៉ែត្រគីប ក្នុងមួយថ្ងៃ។
ឯកឧត្តម បន្តថា សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតដុំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងបោះដុំជូនដល់ប្រតិបត្តិករឯកជន ព្រែកអញ្ជាញ ក្នុងទំហំប្រមាណ ២ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ បន្ទាប់ពីការចុះអនុស្សារណៈនេះទៅ ភាគីទាំងពីរ និងធ្វើការសិក្សាបន្ថែមនៅលើកកម្រិតបច្ចេកទេសផ្សេងៗ តែទោះជាយ៉ាងណាគម្រោងនេះនឹងជំរុញដាក់ឲ្យដំណើរការក្នុងពេល ឆាប់ៗ ខាងមុខ ដើម្បីជំរុញការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន។
ជុំវិញការផ្គត់ផ្គង់ទឹកដុំនេះដែរ, ថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ចំពោះការអភិវឌ្ឍន៍ទឹកស្អាត គឺជាការចំណាយទុនយ៉ាងច្រើន ខណៈការវិនិយោគនៃប្រតិបត្តិករក្នុងវិស័យឯកជន មួយចំនួនមិនអាចធ្វើបាននោះឡើយ ជាពិសេសការបង្កើតប្រព្រឹត្តកម្មទឹកឆៅជាដើម ដែលកិច្ចការនេះមានតែរដ្ឋទើបមានសមត្ថភាព អាចធ្វើបាន និងបោះដុំទៅវិស័យឯកជន ដើម្បីជំរុញផ្គត់ផ្គង់បន្ត។
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករ ទឹក និងប្រតិបត្តិករទឹកស្អាតឯកជននៅថ្ងៃម្សិលមិញនេះ បានអនុវត្តមានចំនួនពីរគម្រោងរួមមាន៖ ការផ្គត់ផ្គង់ទឹកស្អាតដុំ របស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ទៅឲ្យប្រតិបត្តិករឯកជនតំបន់ព្រែកអញ្ចាញ, និងរដ្ឋាករទឹកពោធិ៍សាត់ ជូនដល់ប្រតិបត្តិករឯកជននៅក្នុងឃុំ បឹងខ្នារ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលគម្រោងទាំងនេះ នឹងជំរុញការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋជាពិសេសនៅទីប្រជុំ ឲ្យមានទឹកស្អាតសម្រាប់ប្រើប្រាស់៕អត្ថបទ៖ សុន រ៉ាឌី,




