ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយថា ក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សា ជិត៨ពាន់នាក់ នៅតាមមន្ទីរពេទ្យធំៗ របស់ប្រទេសកូរ៉េខាងត្បូង បានចូលរួមការដើរចេញពីការងារនៅថ្ងៃពុធទី២១ខែកុម្ភៈនេះ ដើម្បីតវ៉ាប្រឆាំងនឹងផែនការទទួលយកនិស្សិតពេទ្យបន្ថែមទៀតចូលសិក្សានៅសាលាពេទ្យដែលជំរុញឱ្យមានការពន្យារពេល និងការលុបចោលការព្យាបាលអ្នកជំងឺ ដូចជាការវះកាត់ជាដើម ។

រដ្ឋាភិបាលចង់បង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យឲ្យបានត្រឹម២ពាន់នាក់ ពីឆ្នាំសិក្សា ២០២៥ ធៀបនឹងតួលេខប្រចាំឆ្នាំបច្ចុប្បន្នមានប្រហែល៣ពាន់នាក់ ហើយចំនួនចុងក្រោយ នឹងបង្កើនឲ្យដល់កម្រិត ១ម៉ឺននាក់បន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣៥។

ក្រសួងសុខាភិបាលបាននិយាយថា នៅក្នុងការតវ៉ានោះ ក្រុមវេជ្ជបណ្ឌិត ចំនួន ៧.៨១៣ នាក់ ជាងពាក់កណ្តាលនៃក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សាទាំងអស់នៅតែបន្តការងារ និងគ្រូពេទ្យស្ម័គ្រនៅមន្ទីរពេទ្យធំ ៗ បានដើរចេញពីការងាររបស់ពួកគេបន្ទាប់ពីបានដាក់ពាក្យលាលែងពីការងារ។
ក្រុមវេជ្ជបណ្ឌិត និងក្រុមនិស្សិតពេទ្យនិយាយថា មានគ្រូពេទ្យគ្រប់គ្រាន់ចំនួនរួចហើយ ប៉ុន្តែបញ្ហាធំជាងនេះ គឺគ្រូពេទ្យកាន់តែតិច ជ្រើសរើសធ្វើការក្នុងវិស័យសំខាន់ៗដូចជា ពេទ្យកុមារ និងពេទ្យសង្គ្រោះបន្ទាន់ ដោយសារបរិយាកាសការងារមិនសូវល្អ ប្រាក់ខែទាប និងធ្វើការច្រើនម៉ោង៕