សមាជិករដ្ឋសភា ដែលជាអង្គបោះឆ្នោតចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ បានលើកឡើងថា ការចូលរួមបោះឆ្នោតព្រឹទ្ធសភាខាងមុខ ជាការបំពេញកាតព្វកិច្ច ដែលអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ខណៈនៅសល់រយៈពេល ៤ ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងចាប់ផ្តើមដំណើរការតាមការិយាល័យទាំង៣៣នៅទូទាំងរាជធានី-ខេត្ត។ ឯកឧត្តម ម៉ា ឈឿន សមាជិករដ្ឋសភា បានមានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី២១ ខែកុម្ភៈនេះថា កម្ពុជាជាប្រទេសដែលអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងទៀងទាត់ទាំងការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។
ទន្ទឹមនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតមកដល់ឯកឧត្តម បញ្ជាក់ថា ក្នុងនាមសមាជិករដ្ឋសភាត្រូវតែអនុវត្តយ៉ាងពេញលេញទៅតាមច្បាប់បោះឆ្នោត និងជាកាតព្វកិច្ចក្នុងនាមតំណាងប្រជាពលរដ្ឋ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខនេះ។
ជាមួយគ្នា ឯកឧត្តម ញឿន រ៉ាដែន សមាជិករដ្ឋសភាមួយរូបទៀត លើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យ។
ក្រៅពីនេះសមាជិករដ្ឋសភា លើកឡើងថា ការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ ឬហៅថាសភាជាន់ខ្ពស់នេះ មានសារៈសំខាន់ណាស់ក្នុងការតាមដាន និងពិនិត្យលើការអនុម័ត រួមទាំងការស្នើវិសោធនកម្មច្បាប់ទាំងឡាយរបស់រដ្ឋសភា ដើម្បីធានាផលប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការិយាល័យសរុបចំនួន ៣៣ ការិយាល័យ និងអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២ នាក់។ ចំណែកគណបក្សនយោបាយចំនួន៤ ដែលចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម
