ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអង្គារ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអសមត្ថភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ក្នុងការអនុម័តសេចក្តីសម្រេចដែលទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីសហរដ្ឋអាមេរិកវេតូ។

នៅមុនថ្ងៃនេះ សហរដ្ឋអាមេរិក បានវេតូសេចក្តីសម្រេចមួយដែលដាក់ជូនដោយអាល់ហ្សេរីសម្រាប់ក្រុមអារ៉ាប់ នៅទីក្រុងញូវយ៉ក ដែលអំពាវនាវឲ្យមានបទឈប់បាញ់ នៅក្នុងដែនដីប៉ាឡេស្ទីន ដែលមានមនុស្សជាង ២៩.000 នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា។

ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលបានចោទសួរអំពីភាពជឿជាក់លើច្បាប់ និងយន្តការការងារនៃស្ថាបត្យកម្មអន្តរជាតិបច្ចុប្បន្ន ជាពិសេសក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានប្រគល់ឲ្យនូវការទទួលខុសត្រូវក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ និងបញ្ឈប់សង្គ្រាម។
ប្រទេសអេហ្ស៊ីប បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការជ្រើសរើស និងស្តង់ដាពីរ ក្នុងការដោះស្រាយសង្រ្គាម និងជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់ផ្សេងៗនៃពិភពលោក»។
សេចក្តីថ្លែងការណ៍នោះ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីប ក្នុងការធានានូវការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាព ទៅកាន់តំបន់ហ្កាហ្សា និងការបដិសេធរបស់ខ្លួនចំពោះវិធានការណាមួយដែលនឹងនាំទៅដល់ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន នៅខាងក្រៅទឹកដីរបស់ពួកគេ។
ការវាយប្រហារតាមផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា ជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ កាលពីថ្ងៃទី៧ ខែតុលា។