កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ (២០ កុម្ភៈ) បានបណ្ដេញទូកឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ដែលបានចូលដែនទឹកក្បែរកោះជួរមុខដ៏រសើបរបស់ខ្លួន ក្នុងភាពតានតឹងថ្មីរយៈពេលមួយថ្ងៃបន្ទាប់ពីឆ្មាំល្បាតឆ្នេររបស់ចិន បានឡើងពិនិត្យទូកទេសចរណ៍តៃវ៉ាន់ ដែលរដ្ឋមន្ត្រីកោះតៃវ៉ាន់បាននិយាយថាបានបង្កឱ្យមាន «ការភ័យស្លន់ស្លោ» ក្នុងចំណោមប្រជាជន។

ឆ្មាំល្បាតឆ្នេរតៃវ៉ាន់ បាននិយាយថា ទូកឆ្មាំល្បាតរបស់ឆ្នេរចិន លេខ ៨០២៩ បានចូលដែនទឹករបស់តៃវ៉ាន់ នៅជិតកោះ គីនមិន (Kinmen) កាលពីព្រឹកថ្ងៃអង្គារ ដោយបន្ថែមថា ខ្លួនបានបញ្ជូនទូកមួយគ្រឿង និងប្រើប្រាស់វិទ្យុទាក់ទងដើម្បីបណ្តេញសមភាគីចិន ដែលមួយម៉ោងក្រោយមកទើបចាកចេញពីតំបន់នោះ។

ឆ្មាំល្បាតឆ្នេរតៃវ៉ាន់ បាននិយាយថា ខ្លួននឹងបន្តប្រើប្រាស់រ៉ាដា ការឃ្លាំមើល និងការល្បាត ដើម្បីធានាបាននូវ «ភាពសុខដុមរមនា និងសុវត្ថិភាព» នៅជិតដែនទឹកនៃកោះ គីនមិន ដែលគ្រប់គ្រងដោយតៃវ៉ាន់ ដែលនៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនបើទោះបីជាកោះនេះបដិសេធក៏ដោយ បាននិងកំពុងមានការប្រុងប្រយ័ត្នចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើនសម្ពាធលើទីក្រុងតៃប៉ិ បន្ទាប់ពីការឈ្នះឆ្នោតមេដឹកនាំថ្មីកាលពីខែមុនរបស់លោក ឡៃ ឈីងតឺ (Lai Ching-te) ជាមនុស្សម្នាក់ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់៕