តាមរយៈកម្មវិធីអភិវឌ្ឍន៍ពូជមាន់ស្គួយកម្ពុជារបស់មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ធ្វើឲ្យក្រុមកសិករនៅខេត្តតាកែវមានជីវភាពល្អប្រសើរជាងមុន ជាមធ្យម សម្រាប់កសិដ្ឋានចិញ្ចឹមមាន់ពូជស្គួយ ដែលគេស្គាល់ថា មាន់ស្រែ ចំនួនជាង ៩០ ក្បាល អាចរកប្រាក់ចំណូលរហូតខ្ទង់ពាន់ដុល្លារ ក្នុង១ខែៗ។
លោកស្រី កន ភារម្យ ម្ចាស់កសិដ្ឋាន និងជាប្រធានសហគមន៍កសិកម្មមាន់ស្រែ អូរផុត ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈនេះថា តាមរយៈការចិញ្ចឹមមាន់បែបប្រពៃណី ការរកប្រាក់ចំណូលបានមួយគ្រប់ៗ និងពេលខ្លះចូលដើមក៏មាន ដោយសារខ្វះចំណេះ ជំនាញមើលថែមាន់ឲ្យធំធាត់ល្អ និងពេលខ្លះមាន់ងាប់ដោយសារជំងឺជាដើម។
លោកស្រីបានរៀបរាប់ថា បច្ចុប្បន្នក្រៅពីមានការជួយជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍លោកស្រី ទទួលបានការងារបច្ចេកទេស ការផ្តល់បរិក្ខារ សម្រាប់ចិញ្ចឹមរួមជាមួយដើមទុនជាដើម ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណ ៧ខែមកហើយ តាមរយៈគម្រោងកែលម្អ តំណពូជនៅតំបន់អាស៊ីរបស់អូស្ត្រាលី ក្នុងការបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ក្នុងស្រុក គឺពូជស្គួយនេះ។
កសិករ យ៉ែម សូនី និង កង ហេត ដែលទទួលបានការអនុវត្តគម្រោងដូចគ្នានេះដែរលើកឡើងថា ពួកគាត់ពិតសប្បាយរីករាយណាស់ ក្រោយពីអូស្ត្រាលីបង្កើតគម្រោងនេះឡើងសម្រាប់ជួយដល់សហគមន៍អ្នកចិញ្ចឹមមាន់ ដោយបានផ្តល់នូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាពដល់សហគមន៍ គឺពិតជារឿងដ៏ប្រសើរបំផុតសម្រាប់កសិករ។

សូមជម្រាបជូនថា គម្រោងរបស់រដ្ឋាភិបាលអូស្រ្តាលីនេះ មានរយៈពេល៤ឆ្នាំ ឆ្នាំ២០២០-២០២៤ ដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិ ១ក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយ ដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ស្គួយអាចលក់បានក្នុងតម្លៃខ្ពស់។ គិតក្នុងរយៈពេល១ឆ្នាំ គម្រោងនេះបានអភិវឌ្ឍពូជមាន់ស្គួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជនេះត្រូវបានកែលម្អ ដើម្បីបង្កើនផលិតភាព ភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ តម្លៃមាន់ស្គួយបច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ២ម៉ឺនរៀល ក្នុង ១គីឡូក្រាម ខណៈពងរបស់មាន់មានតម្លៃពី១ពាន់ ទៅ៤ពាន់រៀល ក្នុង១គ្រាប់ ហើយមេបាពូជរបស់ពូជស្គួយ ត្រូវបានលក់ក្នុងតម្លៃប្រហែល ៦ម៉ឺនរៀល ឬ ១៥ដុល្លារក្នុ ង១ក្បាល៕ អត្ថបទ៖ ឈិត បូរ៉ាវី


