ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអង្គារថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបំពាក់កម្លាំងជើងគោករបស់ខ្លួនជាមួយនឹងយានដ្រូនពីរប្រភេទគឺយានដ្រូនអត្តឃាដ និងប្រយុទ្ធដែលផលិតក្នុងស្រុក។

របាយការណ៍នេះ បានឲ្យដឹងទៀតថា យានដ្រូនអត្តឃាត «Shahed-131» និងយានដ្រូនប្រយុទ្ធ «Ababil-5»ត្រូវបានប្រគល់ទៅឲ្យកងកម្លាំងជើងគោក ដើម្បីជួយពួកគេក្នុងការឃ្លាំមើលសត្រូវ និងក្រុមភេរវករឲ្យកាន់តែប្រសើរឡើង។

សារព័ត៌មាន Tasnim បានឲ្យដឹងថា យានដ្រូន Ababil-5 មានប្រវែង២,៦ម៉ែត្រ និង យានដ្រូន Shahed-131 មានប្រវែង២,២ម៉ែត្រ ទម្ងន់១៣៥គីឡូក្រាម និងហោះប្រតិបត្តិការ បានចម្ងាយ៩០០គីឡូម៉ែត្រ។
សារព័ត៌មាននេះ បាននិយាយថា យានដ្រូនAbabil-5 បំពាក់ដោយស្លាបវែង ដែលអាចឲ្យវាផ្ទុកបន្ទុកធ្ងន់ និងឧបករណ៍ចុះចតខាងមុខដែលអាចដកថយបាន និងធ្វើឲ្យប្រសើរឡើងដល់ដំណើរការនៃប្រព័ន្ធកាមេរ៉ារបស់វា។