ការធ្លាក់ព្រិល ព្យុះព្រិល និងភ្លៀងធ្លាក់ទឹកកកនៅក្នុងខេត្តហឺប៉ី (Hebei) ខេត្តហឺណាន (Henan) និងខេត្តសានស៊ី (Shanxi) រួមទាំងរដ្ឋធានីប៉េកាំង របស់ប្រទេសចិន បាននាំឱ្យមានការរំខានដល់ការដឹកជញ្ជូនយ៉ាងទូលំទូលាយ នេះបើយោងតាមវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV បានបង្ហាញនៅថ្ងៃពុធ (២១ កុម្ភៈ) នេះ។

ផ្លូវហាយវេក្នុងទីក្រុងជាច្រើនក្នុងខេត្តហឺប៉ី ត្រូវបានបិទដោយសារតែព្រិលធ្លាក់ខ្លាំង ខណៈដែលសេវារថយន្តក្រុងត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងខេត្ត សានស៊ី។ ទីក្រុងប៉េកាំង ត្រូវបានគ្របដណ្ដប់ដោយព្រិលយ៉ាងក្រាស់ ដែលបានធ្លាក់ពេញមួយយប់ ដោយរំខានដល់ការធ្វើដំណើរ។
នៅទីក្រុង ជឹងចូវ (Zhengzhou) រដ្ឋធានីនៃខេត្តហឺណាន រថភ្លើងជាងមួយរយគ្រឿងត្រូវបានពន្យារពេលកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ដោយអ្នកដំណើររាប់ពាន់នាក់បានជាប់គាំង និងទុកឱ្យរង់ចាំយ៉ាងខកចិត្តនៅស្ថានីយ៍រថភ្លើង។

ផ្នែកជាច្រើននៃប្រទេសចិន កំពុងទប់ទល់នឹងការធ្លាក់ព្រិលដ៏ជ្រៅមួយទៀត ខណៈដែលមនុស្សរាប់លាននាក់ត្រឡប់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរយៈពេលមួយសប្តាហ៍នៃថ្ងៃឈប់សម្រាកដ៏ធំបំផុតប្រចាំឆ្នាំ៕