
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូឌី ហ្គូណាឌី សាឌីគីន (Budi Gunadi Sadikin) បាននិយាយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាចំនួនមន្រ្តីគ្រប់គ្រងការរាប់សន្លឹកឆ្នោតក្នុងស្រុក ដែលត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារការធ្វើការលើសកម្លាំង បានកើនឡើងដល់ ៨៤ នាក់។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា លោកទទួលបានតួលេខនេះពីគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេស និងទីភ្នាក់ងារត្រួតពិនិត្យការបោះឆ្នោតនៅចន្លោះថ្ងៃពុធ និងថ្ងៃអាទិត្យកន្លងទៅ។
ប្រទេសឥណ្ឌូនេស៊ី បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិរយៈពេលតែមួយថ្ងៃដ៏ធំបំផុតរបស់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន។ លោក សាឌីគីន បានបន្ថែមថាភាគរយនៃការស្លាប់របស់បុគ្គលិកបោះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ នេះគឺទាបជាងការបោះឆ្នោតឆ្នាំ២០១៩ ចំនួន ៧៤ ភាគរយ ដែលកាលនោះមានបុគ្គលិកបោះឆ្នោតរាប់រយនាក់បានស្លាប់។
លោកបាននិយាយថា បុគ្គលិកបោះឆ្នោតប្រហែល ៦,៨ លាននាក់នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ បានឆ្លងកាត់ការពិនិត្យសុខភាព ហើយមនុស្សចំនួន ៦,៤ លាននាក់ត្រូវបានប្រកាសថាមានសុខភាពល្អ។ ទន្ទឹមនឹងនេះដែរ មនុស្ស ៤០០.០០០ នាក់ផ្សេងទៀតត្រូវបានចាត់ថ្នាក់ថាកំពុងមានហានិភ័យសុខភាពខ្ពស់៕