កោះកុង៖ អាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ កំពុងត្រៀមតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋជាង៧០គ្រួសារដែលរស់នៅលើទឹកភូមិអាវឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ដើម្បីប្រើប្រាស់ដោយឥតគិតថ្លៃ។
តំណាងលោកជំទាវ មិថុនា ភូថង គឺលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានឱ្យទូរទស្សន៍ប៊ីធីវីដឹងរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា លោកបាននឹងកំពុងពិភាក្សាលម្អិតអំពីបច្ចេកទេសមួយចំនួនជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសសេវាករផ្គត់ផ្គង់ទឹក ដើម្បីធ្វើយ៉ាងណាតភ្ជាប់ទឹកស្អាតជូនពលរដ្ឋឥតគិតថ្លៃ ខណៈពួកគាត់រស់នៅតាមមាត់ទឹកក្បែរភ្នំកោះកុងក្រៅ។
លោក ឈេង សុវណ្ណដា បន្ថែមថា សម្រាប់ពលរដ្ឋអាចប្រើប្រាស់ប្រចាំថ្ងៃមិនគិតថ្លៃនោះទេ ប៉ុន្តែក្រុមសេវាករចំនួន២នាក់ដែលមានស្រាប់អាចធ្វើអាជីករលក់ទឹកអោយទូកនេសាទតូចធំតាមតម្រូវការ ក្នុងគោលបំណងស្វែងរកកម្រៃមកប៉ះប៉ូវរាល់ការចំណាយផ្សេងៗ។
កោះកុងក្រៅ ស្ថិតក្នុងដីគម្របព្រៃឈើ និងមានប្រភពទឹកសាប ចំនួន ០៣កន្លែង បច្ចុប្បន្នមានអាជីវករចំនួន២គ្រួសារ កំពុងប្រកបរបបរលក់ទឹក ជូនប្រជាពរដ្ឋ និងអ្នកនេសាទ ក្នុងតម្លៃ ៥ ០០០រៀលក្នុង ១ ម៉ែត្រត្រីគុណ។
សំណើសុំតបណ្ដាញទឹកពីលើភ្នំកោះកុងក្រៅ គឺជាសំណើថ្មីមួយទៀតរបស់ប្រជាពលរដ្ឋ សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធដទៃទៀតតាមរយៈសមាគមនិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងមានការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់តបណ្ដាញទឹកជូន ពលរដ្ឋនៅតំបន់អាវឡាតាន់ ប្រើប្រាស់ទឹកដោយមិនគិតថ្លៃ។ ទន្ទឹមនោះ ក្រសួងបរិស្ថាន ក៏បានផ្តល់ជាទុយោទឹកជាច្រើនម៉ែត្រផងដែរ ដើម្បីផ្តល់លទ្ធភាពតភ្ជាប់ប្រព័ន្ធទឹកសាបនេះ៕ អត្តបទ ៖ ឈឹម មករា










