
សហរដ្ឋអាមេរិក ជាថ្មីម្ដងទៀតបានវេតូនូវសេចក្តីសម្រេចព្រាងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលការជំទាស់នេះជំរុញឲ្យមានការរិះគន់ពីគ្រប់ទិសទី ទាំងពីក្រុមប្រទេសជាគូអរិ និងពីក្រុមប្រទេសជាសម្ព័ន្ធមិត្ត។
ការសម្រេច កាលពីថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) គឺជាការប្រើសិទ្ធិវេតូលើកទី៣ របស់សហរដ្ឋអាមេរិកលើសេចក្ដីសម្រេចរបស់ UNSC ដែលទាមទារឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ហើយការបដិសេធនេះក៏បានកើតឡើងផងដែរ នៅមួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្សព្វផ្សាយសេចក្ដីសម្រេចដែលនឹងគាំទ្រដល់បទឈប់បាញ់បណ្តោះអាសន្ន ដោយសេចក្ដីសម្រេចព្រាងនោះ មានទាក់ទងនឹងការដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលទាំងអស់ពីដែនដីនិគមជនប៉ាឡេស្ទីន។ ការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ប្រទេស គឺ ១៣ទល់នឹង១សំឡេង ដោយចក្រភពអង់គ្លេសបានបោះឆ្នោតអនុបវាទ។ សំឡេងឆ្នោតនេះឆ្លុះបញ្ចាំងឲ្យឃើញពីការគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីឲ្យបញ្ចប់ជម្លោះបំផ្លិចបំផ្លាញដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២៩.០០០នាក់។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ប្រទេសសិន បានឲ្យដឹងថា ក្រោយមានការវេតូនេះ បេសកជនរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិលោក Zhang Jun បានសម្តែង «ការខកចិត្ត និងការមិនពេញចិត្តយ៉ាងខ្លាំង» ចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក។ លោក Zhang បាននិយាយថា៖ «វេតូរបស់សហរដ្ឋអាមេរិកគឺជាផ្ញើសារខុស ពោលគឺរុញឲ្យស្ថានការណ៍នៅតំបន់ហ្កាហ្សាគ្រោះថ្នាក់កាន់តែខ្លាំងឡើង»។
ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បាននិយាយថា ការវេតូរបស់សហរដ្ឋអាមេរិកបានបង្កើត «ទំព័រខ្មៅមួយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខ»។ រីឯបេសកជនប្រចាំ UN របស់បារាំងលោក Nicolas de Riviere បានសម្តែងការសោកស្តាយដែលសេចក្ដីសម្រេចបទឈប់បាញ់របស់ UNSC «មិនអាចអនុម័តបាន» ដ្បិតស្ថានការណ៍នៅតំបន់ហ្កាហ្សា មានសភាពអាក្រក់ខ្លាំងណាស់។
ក្រៅពីតំណាងនៃប្រទេសទាំង៣ នេះ ប្រទេសដទៃទៀត ក៏សុទ្ធតែបានចូលរួមបង្ហាញការសោកស្ដាយ និងមិនពេញចិត្ត ចំពោះការប្រើសិទ្ធិវេតូរបស់សហរដ្ឋអាមេរិកនេះដែរ ដែលមានដូចជាអាល់ហ្សេរី ក្រុមហាម៉ាសដែលកំពុងមានសង្គ្រាមបង្ហូរឈាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សានេះ អាជ្ញាធរប៉ាឡេស្ទីន កាតា អារ៉ាប់ប៊ីសាអ៊ូឌីតជាដើម៕