
នៅក្នុងសេចក្តីថ្លែងការណ៍ដែលថ្កោលទោសប្រព័ន្ធយុត្តិធម៌របស់ប្រទេសចិនថា «អមនុស្សធម៌» នោះ គ្រួសាររបស់លោក Yang Hengjun នៅថ្ងៃពុធ (ទី២១ ខែកុម្ភៈ) នេះ បានឲ្យដឹងថា អ្នកនិពន្ធសញ្ជាតិអូស្ត្រាលីដើមកំណើតចិនរូបនេះ នឹងមិនប្តឹងឧទ្ធរណ៍ចំពោះសាលក្រមព្យួរទោសប្រហារជីវិត ដែលចេញដោយតុលាការក្រុងប៉េកាំងនោះទេ។
លោក Yang ទទួលបានសាលក្រមព្យួរទោសប្រហារជីវិត នៅដើមខែនេះ បន្ទាប់ពីតុលាការបានរកឃើញថា លោកមានទោសក្នុងបទចោទប្រកាន់ «ចារកម្ម» ពោលគឺជាការចោទប្រកាន់ ដែលពលរដ្ឋអូស្ត្រាលីរូបនេះបានបដិសេធយ៉ាងដាច់អហង្ការ។ ទោសនេះត្រូវបានព្យួររយៈពេល ២ឆ្នាំ ហើយមានឱកាសកែប្រែតាមជាក់ស្ដែងដែលវាអាចត្រូវបានបន្ថយមកត្រឹមជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើមន្ត្រីពេញចិត្តនឹងការប្រព្រឹត្តិរបស់លោក Yang។
យ៉ាងណាក្ដី អ្នកទោសដែលជាឪពុកនៃកូន ២នាក់រូបនេះ ប្រឈមជាមួយនឹងបញ្ហាសុខភាពកាន់តែយ៉ាប់យ៉ឺន ដោយសារមានដុំគីសនៅតម្រងនោម ហើយលោកបានប្រាប់គ្រួសារថា លោកលែងមានកម្លាំង ដើម្បីតស៊ូនឹងការចោទប្រកាន់នេះទៀតហើយ។
គ្រួសាររបស់លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការចាប់ផ្តើមដំណើរការប្ដឹងឧទ្ធរណ៍ នឹងមានតែពន្យារពេលប៉ុណ្ណោះ ដើម្បីឲ្យមានលទ្ធភាពថែទាំវេជ្ជសាស្រ្ត និងស្ថិតក្រោមការត្រួតពិនិត្យគ្រប់គ្រាន់ បន្ទាប់ពីទទួលការព្យាបាលបែបអមនុស្សធម៌ និងការធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ដរយៈពេល ៥ឆ្នាំ។ ស្ថានភាពរាងកាយរបស់លោក Yang ដែលកាន់តែយ៉ាប់យ៉ឺនទៅៗ មិនអនុញ្ញាតឲ្យរូបគាត់តទល់នឹងប្រព័ន្ធច្បាប់នេះបានទៀតទេ»៕