ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ដែលបានចុះឈ្មោះចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. បានសម្តែងការដឹងគុណ និងអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរខ្ពស់មកកាន់ប្រជាពលរដ្ឋ ជាពិសេសនៅពេលដែលទទួលបានសេវាថែទាំសុខភាពយ៉ាងល្អប្រសើរបំផុតពីក្រុមគ្រូពេទ្យដោយមិនរើសអើង។
អ្នកស្រី ហោ សុគន្ធា អាជីករលក់ទំនិញតាមប្រព័ន្ធអនឡាញ បច្ចុប្បន្នរស់នៅក្រុងភ្នំពេញ បានរៀបរាប់ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គិតមកដល់ពេលនេះអ្នកស្រីបានក្លាយជាសមាជិករបស់ ប.ស.ស ទើបតែរយៈពេល ៤ខែប៉ុណ្ណោះ តាមយៈការបង់ភាគទានដោស្ម័គ្រចិត្ត ចំនួន ១៥,៦០០រៀល ក្នុង១ខែ។ អ្នកស្រីបានរៀបរាប់បន្តថា នៅពេលទទួលបានបណ្ណ ប.ស.ស ដំបូងគឺមានអារម្មណ៍ថា កក់ក្តៅមួយផ្នែក។ ប៉ុន្តែនៅពេលដែលមានបញ្ហាសុខភាព និងបានទៅប្រើប្រាស់សេវាសុខាភិបាលតាមរយៈប័ណ្ណនេះ អ្នកស្រីកាន់តែមានអារម្មណ៍ថារំភើបចិត្ត និងកក់ក្តៅជាខ្លាំង ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ជាពិសេសការព្យាបាលជំងឺដោយមិនអស់ប្រាក់ និងសុវត្ថិភាពខ្ពស់មិនចាញ់នៅបរទេសផងដែរ។
អ្នកស្រី ឡុច ស្រីណាក់ អាយុ៤២ឆ្នាំ ជាអាជីវករលក់គ្រឿងទេស មកពីស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យ ប៊ីធីវី ដឹងដែរថា នៅពេលនេះអ្នកស្រីកំពុងទទួលការសេវាព្យាបាលដោយវះកាត់គ្រួសក្នុងប្រមាត់នេះ ដោយមានអារម្មណ៍ថាកក់ក្តៅ សេវាកម្មល្អពីក្រុមគ្រូពេទ្យ ជាពិសេសមិនខ្វាយខ្វល់អំពីការចំណាយប្រាក់ ដោយសារការព្យាបាលដោយឥតគិតថ្លៃ ខណៈសព្វថ្ងៃនេះជីវភាពក្នុងគ្រួសារមានការខ្វះខាត ហើយការលក់ដូរមិនសូវកាក់កបច្រើនដូចមុន។
ជាមួយការលើកឡើងខាងលើនេះ វេជ្ជបណ្ឌិត អេង ស៊ិនលីន គ្រូពេទ្យព្យាបាលផ្នែកវះកាត់ទូទៅ នៃមន្ទីរពេទ្យព្រះអង្គឌួង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាសមាជិកក្រុមគ្រួសារ ប.ស.ស. ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ផ្សេងៗ រួសរាន់ចុះឈ្មោះ ដើម្បីទទួលបានបណ្ណ ប.ស.ស. ក្នុងការថែទាំសុខភាពដោយមិនអស់ប្រាក់ និងការទទួលសេវាកម្មថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈ នៅពេលដែលមានបញ្ហាសុខភាពណាមួយជាយហេតុ។
តាមការឲ្យដឹងរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការចុះបញ្ជីសរុបចំនួនជិត១៥ម៉ឺននាក់។ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួនជាង ១២ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ២ម៉ឺន ៤ពាន់នាក់។ ដោយឡែក មូលដ្ឋានសុខាភិបាលដែលជាដៃគូសហការជាមួយ ប.ស.ស. សរុបចំនួន ១,៥៣៩ ក្នុងនោះមន្ទីរពេទ្យឯកជនមានចំនួន ១៣៤៕ អត្ថបទ៖ ឈិត បូរ៉ាវី








