
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅថ្ងៃពុធនេះថា ឧត្ដសេនីយ៍ជាន់ខ្ពស់និងជានាយអគ្គសេនាការកងទ័ពរុស្ស៊ី វ៉ាលើរី ចេរ៉ាសស៊ីម៉ូវ (Valery Gerasimov) បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សានៅជំហានបន្ទាប់ក្រោយដណ្ដើមកាន់កាប់ក្រុង
អាវឌីអ៊ីវកាមក។
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀពូទីន បាននិយាយ កាលពីថ្ងៃអង្គារថា កងទ័ពនឹងបន្ដវាយរុលចូលក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្កើនជ័យជម្នះរបស់របស់ខ្លួនលើសមរភូមិបន្ទាប់ពីការបរាជ័យក្រុងអាវឌីអ៊ីវកាជា កន្លែងដែលលោកនិយាយថា កងទ័ពអ៊ុយក្រែនបានបង្ខំចិត្ដភៀសខ្លួនចេញទាំងភ័យស្លន់ស្លោ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បាននិយាយថា លោក ចេរ៉ាសស៊ីម៉ូវ ត្រូវបានគេបង្ហាញកំពុងបំពាក់មេដាយអោយកងទ័ពរុស្ស៊ីដែលពាក់ព័ន្ធនៅក្នុងការដណ្ដើមបានក្រុងអាឌីអ៊ីវកា ហើយលោក ត្រូវបានរាយការណ៍ជូនដោយមេបញ្ជាការដែលទទួលបន្ទុកការវាយប្រហារលើក្រុងអាវឌីអ៊ីវកា គឺលោកឧត្ដមសេនីយ៍ត្រី អង់ដ្រេ
ម័រតវីឆេវ (Andrei Mordvichev) ពីស្ថានការណ៍វិវឌ្ឍន៍ថ្មីៗនេះ។
រដ្ឋមន្រ្ដីកាបរទេសអ៊ុយក្រែន លោកឌីមីត្រូ គូលេបា បានប្រាប់ទូរទស្សន៍CNNថា ក្រុងអាវឌីអ៊ីវកា នឹងមិនបរាជ័យទេ ប្រសិនក្រុងគីវទទួលបានអាវុធដែលផ្ដល់ដោយសហរដ្ឋអាមេរិក ដែលកំពុងជាប់ក្នុងសភាដែលមិនអាចអនុម័តកញ្ចប់ជំនួយធំនោះ។
បន្ទាប់ពីបរាជ័យរបស់អ៊ុយក្រែនដែលមិនអាចវាយទម្លុះខ្សែត្រៀមជួមុខរបស់រុស្ស៊ីនៅភាគខាងកើតនិងខាងត្បូងកាលពីឆ្នាំមុនមក ក្រុងម៉ូស្គូ បានព្យាយាមគៀបសង្កត់កងទ័ពអ៊ុយក្រែន ខណៈក្រុងគីវ បានបាញ់ផ្លោងដាក់កន្លែងប្រមូលផ្ដុំទ័ពថ្មីសំខាន់ៗរបស់រុស្ស៊ីនោះ៕