
ស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង នៅក្នុងប្រទេសប៉េរូ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Limaសម្រុកធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ខណៈដែលតំបន់ឆ្នេរភាគខាងជើង ប្រជាពលរដ្ឋប្រឈមនឹងទឹកជំនន់ ។
នៅក្នុងទីក្រុង Lima ប្រជាពលរដ្ឋ បានជួបជុំគ្នានៅតំបន់ឆ្នេរ ដើម្បីគេចចេញពីសីតុណ្ហភាពខ្ពស់ជាង ៣០អង្សាសេ ដែលគេរំពឹងថានឹងកើតមានពេញមួយសប្តាហ៍ ។
ចំណែកឯនៅតំបន់ភាគខាងជើង Piura ភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យតំបន់ស្ថិតក្រោមការប្រកាសអាសន្ន ពីគ្រោះទឹកជំនន់ ។
អ្នកវិភាគមួយរូបនៅសេវាកម្មឧតុនិយមជាតិប៉េរូ និយាយថា បាតុភូតអាកាសធាតុអែល នីញ៉ូ បានជះឥទ្ធិពលដល់ស្ថានភាពអាកាសធាតុអាក្រក់បែបនេះ នៅទូទាំងប្រទេស ។
លោក Socorro Alvaគឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Lima និយាយថា ជាធម្មតាខ្ញុំមិនចូលចិត្តទៅលេងតំបន់ឆ្នេរនោះទេ ប៉ុន្តែខ្ញុំមកទីនេះ ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក មិនអាចទ្រាំបាន ។
លោកបន្តថា សូម្បីតែមានកង្ហា ឬម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ក៏ពួកយើងមិនអាចទ្រាំបានដែរ អាកាសធាតុពិតជាក្តៅខ្លាំងណាស់ ៕