
ក្រុមមេដឹកនាំនៃក្រុមមនុស្សធម៌ពិភពលោក បានព្រមានកាលពីថ្ងៃអង្គារថា ការវាយលុកជើងគោករបស់ អ៊ីស្រាអែលនៅទីក្រុងហ្វា (Rafah) នឹងប្រែក្លាយទីក្រុងហ្កហ្សាភាគខាងត្បូងទៅជា «ទីបញ្ចុះសព»និងបង្កើនហានិភ័យនៃគ្រោះទុរភិក្ស។
លោកស្រី អាវ្រីល បេណូត (Avril Benoit) នាយកប្រតិបត្តិនៃក្រុមគ្រូពេទ្យគ្មានព្រំដែន (Medecins Sans Frontieres) នៅសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា៖«ផលវិបាកនៃការវាយលុកទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា គឺពិតជាមិនអាចនឹកស្មានដល់» ។
លោកបេណូត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបដោយអង្គាការ MSF, អង្គការជនភៀសខ្លួនអន្តរជាតិ (Refugees International), Oxfam, អង្គការលើកលែងទោសអន្តរជាតិ (Amnesty International») និងក្រុមដទៃទៀតថា «ការអនុវត្តការវាយលុកយោធានៅទីនោះ នឹងប្រែក្លាយវាទៅ ជាទីបញ្ចុះសព»។
លោកស្រីបេណូត បាននិយាយថា ទីក្រុងរ៉ាហ្វា ជាកន្លែងដែលជនជាតិប៉ាឡេស្ទីន ១,៤ លាននាក់ រស់នៅក្នុងទីជម្រកដែលមានមនុស្សច្រើន និងជំរំតង់ គឺជា «ទីតាំងជម្រកចុងក្រោយ»។
លោកស្រីបាននិយាយថា៖«វាជាមជ្ឈមណ្ឌលចុងក្រោយនៃសេវាថែទាំសុខភាព និងជំនួយមនុស្សធម៌សម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា»។ «ការវាយប្រហារលើទីក្រុងរ៉ាហ្វា មានប្រសិទ្ធភាពមានន័យថា កាត់ផ្តាច់ដំណើរជីវិតរបស់មនុស្ស ដែលបានបាត់បង់អ្វីៗទាំងអស់ លើកលែងតែជីវិតរបស់ពួកគេ»។