
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់បានវាយប្រហារចំអគារលំនៅឋានមួយកន្លែង នៅតំបន់ Kafr Sousa ក្នុងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី នៅថ្ងៃពុធ (ទី២១ ខែកុម្ភៈ) នេះ។
តំបន់នេះមានសំណង់អគារជាច្រើន ដូចជាលំនៅឋាន សាលារៀន និងមជ្ឈមណ្ឌលវប្បធម៌របស់អ៊ីរ៉ង់ ហើយស្ថិតនៅក្បែរអគារដ៏ធំមួយដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ដោយអាគារនោះត្រូវបានប្រើប្រាស់ដោយភ្នាក់ងារសន្តិសុខ។ តំបន់នេះត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយការវាយប្រហារនាពេលនោះបានសម្លាប់អ្នកជំនាញយោធាអ៊ីរ៉ង់ជាច្រើនរូប។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី Sana បានឲ្យដឹងថា «ការវាយប្រហាររបស់អ៊ីស្រាអែល» បានសំដៅទៅអគារលំនៅឋានមួយ ប៉ុន្តែមិនបានប្រាប់អំពីអ្នកស្លាប់ និងរបួសនោះឡើយ។ សារព័ត៌មាននេះបានផ្សព្វផ្សាយរូបភាពនៃផ្នែកឆេះខ្ទេចខ្ទី ក្នុងអគារច្រើនជាន់នេះ។
សាក្សីបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះបន្តបន្ទាប់គ្នាជាច្រើនគ្រាប់។ ពួកគេបានប្រាប់សារព័ត៌មាន Reuters ថា ការផ្ទុះនោះបានបង្កការភ័យខ្លាចដល់ពួកក្មេងៗ នៅសាលារៀនក្បែរនោះ ហើយរថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ។ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះឡើយពីយោធាអ៊ីស្រាអែល ពាក់ព័ន្ធនឹងករណីវាយប្រហារនេះ៕