
អាជ្ញាធរទួរគី បាននិយាយថា ពួកគេ បានឃាត់មនុស្ស ៦នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មលើសហគមន៍ អ៊ុយហ្គ័រ (Uyghur) ក្នុងនាមទីភ្នាក់ងារចារកម្មរបស់ប្រទេសចិន ខណៈដែលជនសង្ស័យទី ៧ នរគបាល កំពុងតាមចាប់ខ្លួន។ ឧបទ្ទវហេតុនេះ គំរាមកំហែងបង្កើនភាពតានតឹងរវាងទីក្រុងអង់ការ៉ា និងទីក្រុងប៉េកាំងជុំវិញក្រុមជនជាតិភាគតិច។
ប្រទេសទួរគី គឺជាជម្រករបស់ជនជាតិអ៊ុយហ្គ័រមូស្លីមជាង ៥០.000នាក់ ដែលជាក្រុមដែលមានទំនាក់ទំនងផ្នែកភាសា និងវប្បធម៌ដ៏រឹងមាំជាមួយប្រទេសទួរគី ហើយរាប់ពាន់នាក់ បានភៀសខ្លួននៅទីនោះពីតំបន់ស៊ីនជាំង (Xinjiang) ភាគខាងលិចរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីគេចចេញពីការគាបសង្កត់របស់ទីក្រុងប៉េកាំង។ ប្រទេសចិន បានបញ្ជូនប្រជាជនអ៊ុយហ្គ័រជាច្រើននាក់ ទៅកាន់ជំរំឃុំឃាំង ជាសកម្មភាពដែលមន្ត្រីអាមេរិក បាននិយាយថា ជាអំពើប្រល័យពូជសាសន៍។
ខណៈពេលដែលការប្រព្រឹត្តរបស់ចិនលើជនជាតិអ៊ុយហ្គ័រ គឺជាប្រភពនៃជម្លោះរវាងទីក្រុងអង់ការ៉ា និងទីក្រុងប៉េកាំងជាយូរមកហើយ ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរ បាននាំឲ្យជនភៀសខ្លួនអ៊ុយហ្គ័រ ដែលកំពុងកើនឡើង នៅក្នុងប្រទេសទួរគី មានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ខ្លួន។
សារព័ត៌មាន Al-Monitor បានរាយការណ៍ថា ឧប្បត្តិហេតុចារកម្មនេះ អាចបង្កហានិភ័យដល់ការប៉ុនប៉ងរបស់ប្រទេសទួរគី «ដាក់ខ្លួនជាមជ្ឈមណ្ឌលមួយ នៅក្នុងគម្រោងច្រករបៀងពាណិជ្ជកម្មចិន ក្នុងគោលបំណងភ្ជាប់អាស៊ីនិងអឺរ៉ុប»។