អាមេរិក៖ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃអង្គារថា យោធាសហរដ្ឋអាមេរិកបានដកកងទ័ព និងសម្ភារៈរបស់ខ្លួនជាង ៩០% ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ការវិវត្តន៍ចុងក្រោយនេះកើតឡើងរយៈពេលប្រហែល ២ខែមុនកាលកំណត់ដែលលោកប្រធានាធិបតី Joe Biden បានកំណត់កាលពីដើមឆ្នាំនេះ។

សហរដ្ឋអាមេរិកបានចូលទៅក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្គានីស្ថានរយៈពេលជិត ២០ឆ្នាំ។ យោងតាមការធ្វើបច្ចុប្បន្នភាព ពីបញ្ជាការមជ្ឈិមសហរដ្ឋអាមេរិកបានឱ្យដឹងថា យោធាសហរដ្ឋអាមេរិកបានដឹកជញ្ជូនសម្ភារៈប្រមាណ ៩៨០កុងតឺណឺចេញពីប្រទេសនេះតាមរយៈយន្តហោះដឹកទំនិញធុនធំ។ គ្រឿងបរិក្ខារប្រហែល ១៧.០០០បំណែកដែលនឹងមិនបន្សល់ទុកឱ្យយោធាអាហ្វហ្គានីស្ថាន ក៏ត្រូវបានប្រគល់ទៅឱ្យភ្នាក់ងារភស្តុភារការពារជាតិ សម្រាប់ការបំផ្លាញចោលដែរ។
សហរដ្ឋអាមេរិកបានប្រគល់ទីតាំងចំនួន ៧ ជាផ្លូវការឲ្យទៅយោធាអាហ្វហ្គានីស្ថានវិញ។ កាលពីសប្ដាហ៍មុន យោធាសហរដ្ឋអាមេរិកបានចាកចេញពីមូលដ្ឋានទ័ពអាកាស Bagram ក្នុងប្រទេសអាហ្វហ្គានីស្ថានយ៉ាងស្ងៀមស្ងាត់ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីការបញ្ជារបស់លោក Biden ឱ្យដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសនេះ៕
អត្ថបទ៖ សុខមាន