
ប្រធានប្ដូរវេនរបស់សហភាពអឺរ៉ុប (EU) គឺបែលហ្ស៊ិក បានឲ្យដឹងនៅលើវេទិកាបណ្ដាញសង្គម X ថា EU នៅថ្ងៃពុធ (ទី២១ ខែកុម្ភៈ) បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី១៣ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ពោល គឺបានបញ្ជាក់ពីអ្វីដែលប្រភពនានាបានប្រាប់សារព័ត៌មាន Reuters។
ដោយហៅទណ្ឌកម្មនេះថា ជាការយល់ព្រមមួយ ក្នុងចំណោមការអនុម័តយល់ព្រមដ៏ធំបំផុតរបស់ EU ប្រធានប្ដូរវេនបែលហ្ស៊ិកបានប្រាប់ថា៖ «ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបទើបតែបានយល់ព្រមជាគោលការណ៍ ស្ដីពីកញ្ចប់ទណ្ឌកម្មទី១៣ ក្នុងក្របខណ្ឌនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន»។
កញ្ចប់ទណ្ឌកម្មថ្មីនេះនឹងឃើញអង្គភាព និងបុគ្គលចំនួនជិត ២០០ ត្រូវបានបន្ថែមទៅក្នុងបញ្ជីទណ្ឌកម្ម ប៉ុន្តែមិនមានវិធានការលើវិស័យថ្មីៗទេ។ កញ្ចប់ទណ្ឌកម្មនេះនឹងត្រូវបានអនុម័តជាផ្លូវការឲ្យទាន់ខួបលើកទី២ នៃការចាប់ផ្តើមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នាថ្ងៃទី២៤ ខែកុម្ភៈ៕