
នាវាដឹកទំនិញ Sea Champion ដោតទង់ជាតិក្រិក បានធ្វើដំណើរមកដល់កំពង់ផែភាគខាងត្បូងអាដែន ប្រទេសយេម៉ែន ក្រោយរងការវាយប្រហារនៅក្នុងសមុទ្រក្រហមដោយក្រុមឧទ្ទាមហ៊ូធី ។
ហានិភ័យនៃការដឹកជញ្ជូន បានកើនឡើង ដោយសារតែការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ចាប់តាំងពីខែវិច្ឆិការហូតមក ។
សហរដ្ឋអាមេរិក និងអង់គ្លេស បានឆ្លើយតបវិញជាមួយនឹងកាវាយប្រហារលើគោលដៅរបស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ប៉ុន្តែមកទល់នឹងពេលនេះ ពួកគេនៅតែមិនអាចបញ្ឈប់ការវាយប្រហារនេះបានដដែល ។
កងបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក បាននិយាយថា កាលពីល្ងាចថ្ងៃអង្គារ ក្រុមឧទ្ទាមហ៊ូធី បានបាញ់មីស៊ីលប្រឆាំងនាវា ២គ្រាប់មកលើនាវា Sea Champion ដែលជានាវារបស់សហរដ្ឋអាមេរិក ។ មីស៊ីលមួយគ្រាប់ បានផ្ទុះនៅជិតនាវា បណ្តាលឲ្យមានការខូចខាតតិចតួច ។
នាវា Sea Champion ដឹកពោតពីអាហ្សង់ទីន មកកាន់ទីក្រុងអាដែនរបស់យេម៉ែនដែលគេទទួលស្គាល់ជាអន្តរជាតិនោះ បានរងការវាយប្រហារ ២លើកកាលពីថ្ងៃចន្ទ បណ្តាលឲ្យខូចខាតបង្អួច ប៉ុន្តែពុំបង្កឲ្យមានគ្រោះថ្នាក់ដល់នាវិកណាម្នាក់ឡើយ ៕