
ធនាគារកណ្ដាលអង់គ្លេស (BoE) នៅថ្ងៃពុធ (ទី២១ ខែកុម្ភៈ) នេះ បានឲ្យដឹងថា ក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ Charles នឹងដាក់ឲ្យចរាចរក្នុងប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ដោយមានរយៈពេលជាង ១ឆ្នាំ បន្ទាប់ពីធនាគារបង្ហាញនូវការរចនារបស់ខ្លួន។
ព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រនឹងលេចឡើងនៅលើក្រដាសប្រាក់ ៥ផោន ១០ផោន ២០ផោន និង ៥០ផោន ហើយនឹងត្រូវដាក់ឲ្យចរាចររួមជាមួយនឹងក្រដាសប្រាក់ដែលមានស្រាប់ ពោលគឺក្រដាសប្រាក់ដែលមានព្រះភក្ដ្ររបស់ព្រះសពមហាក្សត្រិយានី Elizabeth។
BoE បានប្រាប់ថា ក្រដាសប្រាក់ថ្មីដែលមានព្រះឆាយាល័ក្ខណ៍ស្តេច Charles នេះ នឹងត្រូវបោះពុម្ព ដើម្បីយកទៅប្រើប្រាស់ជំនួសក្រដាសប្រាក់រហែក និងដើម្បីបំពេញនូវការកើនឡើងនៃតម្រូវការទូទៅណាមួយសម្រាប់ក្រដាសប្រាក់ទាំងនេះ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Charles ព្រះជន្ម ៧៥ព្រះវស្សា ដែលបានក្លាយជាព្រះមហាក្សត្រ បន្ទាប់ពីការសោយរាជ្យរយៈពេល ៧០ឆ្នាំរបស់ម្ចាស់ក្សត្រី Elizabeth បានបញ្ចប់នៅឆ្នាំ២០២២ នឹងក្លាយជាស្តេចអង្គទី២ ដែលបង្ហាញព្រះភក្ត្រនៅលើក្រដាសប្រាក់របស់ BoE៕