ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៨យប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ថ្នាក់ដឹកនាំ នៃវេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព។ នៅក្នុងវេទិកាដ៏មានសារៈសំខាន់នោះ សម្តេចបានលើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់ និងដាក់ជូននូវរបាយការណ៍ រួមចំណែករបស់ជាតិខ្លួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថា ដោយគូសបញ្ជាក់ថា៖ឆ្នាំ២០២០នេះ ជាឆ្នាំដ៏លំបាកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយសារកូវីដ១៩ ហើយបន្ថែមលើនេះការប្រែប្រួលអាកាសធាតុ ក៏ជាបញ្ហាដ៏គួរឱ្យបារម្ភ។
ក្នុងបញ្ហានេះ សម្តេចបញ្ជាក់ថា ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែបានបំពេញកាតព្វកិច្ច ប្រកាន់យកការទប់ទល់នឹងការប្រែប្រួលអាកាសធាតុក្នុងគោលនយោបាយអភិវឌ្ឍជាតិ ហើយសម្តេចក៏បាន លើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់និងដាក់ជូនរបាយការណ៍រួមចំណែក របស់ជាតិខ្លួន ដើម្បីដោះស្រាយការ ប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតា ហើយសម្តេចថាកម្ពុជាក៏បានប្រឹងប្រែងចូលរួមយ៉ាងសកម្មផងដែរដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោក។
សូមបញ្ជាក់ថាវេទិកាភាពងាយរងគ្រោះនៃអាកាសធាតុនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស និងជាប្រធានវេទិកាភាពងាយ រងគ្រោះ អាកាសធាតុ។
ក្នុងនាមជាវេទិកាពិភពលោកដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ មានការចូលរួមពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រមុខររដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាដៃគូសំខាន់ៗផងដែរ។ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំនេះ គូសបញ្ជាក់ពីភាពបន្ទាន់នៃការធ្វើសកម្មភាព និងតម្រូវការឲ្យប្រទេសទាំងអស់ ធ្វើបច្ចុប្បន្នភាពអំពីការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
វេទិកានេះ ក៏សង្កត់ធ្ងន់លើសារៈសំខាន់ចាំបាច់ក្នុងពង្រឹងកិច្ចប្រឹងប្រែងកសាងភាពធន់នឹងអាកាសធាតុ ព្រមគ្នានឹងការការឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ–១៩ និងការស្ដារឡើងវិញក្រោយពីវិបត្តិនេះ ដើម្បីរក្សាកម្លាំងសន្ទុះនៃការងារពង្រឹងភាពសាំ និងកាត់បន្ថយការខូចខាត និងការបម្លាស់ទីជម្រកបង្កឡើងដោយគ្រោះធម្មជាតិ៕ អត្ថបទ៖ មុត សុទ្ធ

