បាល់ទាត់៖ ក្រុមអង្គរថាយហ្គឺរបានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ដើម្បីរក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ន និងកំណត់ត្រាមិនទាន់ស្គាល់ចាញ់ក្នុងរដូវកាលថ្មីនេះ។

ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន នៅនាទីទី៥ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធសេណេហ្គាល់ Robert Lopez Mendy។ ប៉ុន្ដែ ៥នាទីក្រោយមកក្រុមអង្គរថាយហ្គឺរក៏តាមស្មើវិញ ក្រោយការលោតទាត់បញ្ចប់ទីយ៉ាងល្អរបស់ខ្សែការពារ តាំង ពិសី ក្រោយទទួលបាល់ជ្រុងពីខ្សែបម្រើ ឡុង ម៉េងហាវ។ បន្ទាប់ពីរកបាន ១គ្រាប់ម្នាក់នៅវគ្គទី១ ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាកាន់តែខ្លាំងរហូតដល់នាទី៧០ ក្រុមអង្គរថាយហ្គឺរបានបន្ថែមគ្រាប់បាល់ទី២ បើកការនាំមុខក្រុមព្រះខ័នរាជស្វាយរៀង ២-១ វិញ ក្រោយការធ្វើសម្រេចរបស់អតីតយុវជនសាលាបាល់ទាត់ជាតិបាទី ឡុង ម៉េងហាង ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ៩០នាទីពេញតែម្ដង។

នេះគឺជាកំណត់ត្រាមួយដ៏ល្អរបស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ដែលដណ្ដើមបានជ័យជម្នះផ្ទួនៗនាដើមរដូវកាលថ្មី ពោលគឺក្រោយប្រកួតបើកឆាកស្មើខេត្តព្រៃវែង ១-១ ក្រុមរហស្សនាមខ្លាទឹកក្រូចនេះបានយកឈ្នះគូប្រកួត ៥ប្រកួតជាប់គ្នាដូចជាឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ៣-២, ឈ្នះនគរបាលជាតិ ១-០, ឈ្នះគិរីវង់សុខសែនជ័យ ២-០ និងឈ្នះបឹងកេត ១-០ មុនយកឈ្នះព្រះខ័នរាជស្វាយរៀង ២-១។ បច្ចុប្បន្នក្រុមអង្គរថាយហ្គឺរកំពុងឈរកំពូលតារាង និងមាន ១៦ពិន្ទុក្នុងដៃ តាមពីក្រោយដោយក្រុមភ្នំពេញក្រោនដែលមាន ១២ពិន្ទុក្នុងដៃ តែអតីតក្រុមជើងឯក ៦សម័យនេះទើបប្រកួតបាន ៤ប្រកួតប៉ុណ្ណោះ។
រីឯក្រុមព្រះខ័នរាជស្វាយរៀងបានរក្សាកៅអីលេខ៥ បណ្ដោះអាសន្នដោយមាន ៩ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ ៣ និងចាញ់ ២ប្រកួត។ ចំពោះប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀងនឹងបន្ដបើកទ្វារផ្ទះទទួល ក្រុមមកពីខេត្តសៀមរាបមួយទៀតគឺក្រុមសូលទីឡូអង្គរនាថ្ងៃទី១០ ខែកក្កដា ខណៈអង្គរថាយហ្គឺរត្រូវបើកទ្វារផ្ទះទទួលក្រុមអគ្គិសនីកម្ពុជានៅកីឡដ្ឋាន SRU ខេត្តសៀមរាបនាថ្ងៃទី១១ ខែកក្កដាចុងសប្ដាហ៍នេះ៕
អត្ថបទ៖ លី ឈុនឡា