
សារព័ត៌មាន The Sun នៅថ្ងៃពុធ (ទី២១ ខែកុម្ភៈ) នេះ បានរាយការណ៍ថា ការបាញ់ប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែរ Trident របស់ចក្រភពអង់គ្លេស មិនទទួលបានជោគជ័យឡើយ អំឡុងពេលធ្វើតេស្ត កាលពីខែមុន នៅពេលដែលមីស៊ីលនោះបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ ម្ដុំឆ្នេរនៃរដ្ឋ Florida របស់សហរដ្ឋអាមេរិក ក្បែរនាវាមុជទឹកដែលបានបាញ់បង្ហោះប្រព័ន្ធមីស៊ីលនោះ។
សារព័ត៌មាន The Sun បានផ្សាយថា ម៉ាស៊ីនជំរុញដំណាក់កាលទី១ លើមីស៊ីលនោះដែលបំពាក់ដោយក្បាលគ្រាប់គំរូ មិនដំណើរការទេ ពេលធ្វើតេស្ត កាលពីថ្ងៃទី៣០ ខែមករានោះ។ ក្រសួងការពារជាតិបាននិយាយថា ភាពមិនប្រក្រតីបានកើតឡើងពេលធ្វើតេស្តនោះ ប៉ុន្តែការបរាជ័យនេះមិនមានផលប៉ះពាល់ដល់ប្រព័ន្ធផ្សេងទៀតនោះទេ។
ការធ្វើតេស្តបរាជ័យ ចំពោះប្រព័ន្ធមីស៊ីល Trident នេះ ទំនងជាធ្វើឲ្យមានការបារម្ភកាន់តែខ្លាំងឡើងៗ ជុំវិញការត្រៀមខ្លួននៃកងទ័ពជើងទឹករបស់ចក្រភពអង់គ្លេស នៅក្នុងករណីដែលខ្លួនត្រូវបានទាញចូលទៅក្នុងជម្លោះដែលរីកធំឡើងយ៉ាងពេញទំហឹង។
ប្រព័ន្ធមីស៊ីលទបស្កាត់នុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ត្រូវបានផ្តល់ដោយកងនាវានៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលបាលីស្ទិក Trident ផលិតដោយក្រុមហ៊ុន Lockheed Martin។ ការសាកល្បងប្រព័ន្ធនេះកាលពីមុន ពោលគឺក្នុងឆ្នាំ២០១៦ ក៏បានបញ្ចប់ដោយបរាជ័យដែរ នៅពេលដែលមីស៊ីលនេះត្រូវបានគេរាយការណ៍ថា បានហោះចេញខុសគោលដៅ៕