លោកនាយករដ្ឋមន្ត្រីបារាំងហ្គាប្រ៊ីយ៉េល អាតាល់(Gabriel Attal)បាននិយាយកាលពីថ្ងៃពុធ២១កុម្ភៈថារដ្ឋាភិបាលបារាំង នឹងត្រូវរៀបចំនៅរដូវក្ដៅនេះ អំពីច្បាប់ថ្មីផ្ដល់ការការពារកាន់តែប្រសើរដល់ប្រាក់ចំណូលនិងការពង្រឹងជំហរបស់ប្រជាកសិករក្នុងការចរចាជាមួយក្រុមអ្នកលក់រាយនិងក្រុមហ៊ុន។

លោក អាតល់ បានប្រកាសពីការធ្វើបច្ចុប្បន្នភាពនូវអ្វីដែលហៅថាជាច្បាប់ អ៊ីហ្គាលីម (Egalim)នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោក បំណងបន្ធូរបន្ថយភាពតានតឹងជាមួយប្រជាកសិករដែលពោពេញដោយកំហឹង មុនពេលព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលកសិកម្មប្រចាំឆ្នាំសាឡន ឌឺ អ៊ី អាគ្រីខាល់ឈ័រ( Salon de l'Agriculture )ដែលនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ។

គេក៏បានមើលឃើញផងដែរនូវក្បួនតវ៉ានៅតែបន្តរបស់ប្រជាកសិករនៅក្នុងបណ្ដាប្រទេសផ្សេងៗទៀតក្នុងប្លុកសហភាពអឺរ៉ុប រួមទាំងប្រទេស បែលហ្ស៊ិក ក្រិក និងអាល្លឺម៉ង់ ជាដើម ដែលពួកគេកំពុងផ្ទុះកំហឹងខ្លាំងជុំវិញផលប៉ះពាល់លើផលិតផលកសិកម្ម ព្រោះតែវិធានការរបស់សហភាពអឺរ៉ុប ក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការបើកច្រកឲ្យនាំចូលមានតម្លៃថោកលើទំនិញរបស់ប្រទេសអ៊ុយក្រែន ជាអ្វីដែលប្លុកនេះនិយាយថា ជាការជួយដល់កិច្ចខិតប្រែងក្នុងសង្រ្គាមរបស់ក្រុងគីវ។

នៅក្នុងប្រទេសបារាំង ក្រុមប្រជាកសិករបានផ្អាកការតវ៉ាមួយផ្នែកធំរបស់ខ្លួនក្រោយការធ្វើសកម្មភាពប្រឆាំងជាច្រើនសប្ដាហ៍ រួមទាំងការបិទផ្លូវហាយវ៉េ ផងដែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី អាតាល់ បានសន្យាចាត់វិធានការថ្មីកាលពីថ្ងៃទី១ ខែកុម្ភៈ។
ប៉ុន្តែក្រុមប្រជាកសិករដែលនិយាយថា ពួកគេនៅតែត្រូវចំណាយខ្ពស់ក្នុងជីវិភាពប្រចាំថ្ងៃ និងការបង់ពន្ធខ្ពស់ ច្បាប់បរិស្ថានបៃតង ការប្រឈមការប្រកួតប្រជែងពុំស្មើភាពពីប្រទេសខាងក្រៅប្លុក បានកំពុងដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបង្ហាញលទ្ធផលដំបូងនៃវិធានការគ្រាអាសន្នមុនព្រឹត្តិការណ៍បង្ហាញផលិតផលកសិកម្ម។ លោកប្រធានាធិបតីបារាំង Emmanuel Macron និងរដ្ឋាភិបាលរបស់លោកក៏បានប្រុងប្រយ័ត្នផងដែរចំពោះការគាំទ្រដែលចេះតែកើនឡើងលើក្រុមកសិករពីសំណាក់ក្រុមស្ដាំនិយមជ្រុល មុនការបោះឆ្នោតសភារបស់សហភាពអឺរ៉ុបនៅខែមិថុនាខាងមុខ៕