បុគ្គលិកសហជីពរាប់រយនាក់ មកពីសហព័ន្ធបុគ្គលិកទូទៅប្រទេសប៉េរូ បានចេញធ្វើបាតុកម្ម នៅទីក្រុងលីម៉ា កាលពីថ្ងៃពុធ និងបានធ្វើដំណើរទៅកាន់អគារសភា ទាមទារឲ្យដំឡើងប្រាក់ឈ្នួលខ្ពស់ជាងនេះ និងមានការបោះឆ្នោតប្រធានាធិបតីថ្មី។

បាតុករម្នាក់ បាននិយាយថា បុគ្គលិកជាច្រើន កំពុងទាមទារការដំឡើងប្រាក់ឈ្នួលអតិបរមា ដែលបច្ចុប្បន្នត្រូវបានកំណត់ត្រឹមតែជិត២៧០ដុល្លារ ដោយសារតែតម្លៃទំនិញហក់ឡើងខ្ពស់ កំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនប៉េរូ។

ដោយមានកាន់ស្លាកសញ្ញា និងទង់ជាតិព៏ណ៌ក្រហម បុគ្គលិកទាំងអស់ បានអំពាវនាវឲ្យមានការបោះឆ្នោតសកល ដោយនិយាយថាប្រធានាធិបតីបច្ចុប្បន្ន លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) មិនត្រូវបានទទួលស្គាល់ ជាប្រធានាធិបតីដោយសំឡេងភាគច្រើននោះទេ។
កាលពីពេលមុន ក្រុមអ្នកតវ៉ាជាច្រើន បានចេញធ្វើបាតុកម្ម នៅទូទាំងប្រទេសប៉េរូ ដោយទាមទារការលាលែងពីតំណែងរបស់ប្រធាធិបតី លោកស្រី Dina Boluarte ចាប់តាំងពីការចូលកាន់តំណែងរបស់លោកស្រី បន្ទាប់ពីការបណ្តេញចេញ និងឃុំខ្លួន អតីតប្រធានាធិបតី លោក ផេដ្រូ កាស្ទីឡូ(Pedro Castillo) ។