ការប្រយុទ្ធគ្នាខ្លាំង បានធ្វើឲ្យរង្គោះរង្គើតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ កាលពីថ្ងៃពុធ ខណៈទីភ្នាក់ងារផ្តល់ជំនួយជាច្រើន បានព្រមានពីគ្រោះទុរ្ភិក្សខិតចូលជិតមកដល់ និងការចរចាជុំថ្មីត្រូវបានធ្វើឡើងនៅទីក្រុងគែរ ឈានឆ្ពោះទៅរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ។

សេតវិមាន បានបញ្ជូនបេសកជនទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក ប្រេត មហ្គូក(Brett McGurk) សម្រាប់ការបន្តកិច្ចចរចាថ្មី ដែលរួមមានទាំងអ្នកសម្របសម្រួល និងក្រុមហាម៉ាស មួយថ្ងៃបន្ទាប់ពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ ត្រូវបានរារាំងដោយសហរដ្ឋអាមេរិក។

ការព្រួយបារម្ភជាសកល បានរីករាលដាលជុំវិញចំនួនអ្នកស្លាប់ជនស៊ីវិលកើនឡើងខ្ពស់ និងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ នៅក្នុងសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល។
ការប្រយុទ្ធ និងភាពចលាចល ម្តងទៀតបានធ្វើឲ្យជាប់គាំងការដឹកជញ្ជូនជំនួយជាបន្តបន្ទាប់ ដើម្បីទៅដល់ជនស៊ីវិលដែលអស់សង្ឃឹមនៅក្នុងតំបន់ហ្កាហ្សា ដែលអង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនចំនួន ២,៤លាននាក់ ស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ហើយអាចប្រឈមមុខនឹងការស្លាប់របស់កុមារ។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា ទីភ្នាក់ងារនេះត្រូវបង្ខំចិត្ត បញ្ឈប់ការដឹកជញ្ជូនជំនួយនៅភាគខាងជើងតំបន់ហ្កាហ្សា ដោយសារតែ «ភាពចលាចល និងអំពើហឹង្សា » បន្ទាប់ពីក្បួនរថយន្តដឹកទំនិញ បានពើបប្រទះការបាញ់ប្រហារដោយកាំភ្លើង ហើយត្រូវបានក្រុមចោរដណ្តើមយកទំនិញ។
ការវាយប្រហាររបស់អ៊ីស្រាអែលបន្ថែមទៀត បានបន្តបាញ់ផ្លោងទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្ស១១៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស ដែលធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៣១៣នាក់។